(ស្ដុកខុល)៖ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (SIPRI) នៃប្រទេសស៊ុយអែត បានឱ្យដឹងថាការលក់អាវុធ និងសេវាយោធាដោយក្រុមហ៊ុនលក់អាវុធធំៗទាំង១០០ នៅលើពិភពលោក រកកម្រៃបានដល់ទៅ ៥៣១ពាន់លានដុល្លារកាលពីឆ្នាំ២០២០ ឬកើនឡើង ១.៣ភាគរយបើធៀបទៅនឹងឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១។

បើតាមវិទ្យាស្ថាន SIPRI ឆ្នាំ២០២០ គឺជាឆ្នាំទី៦ជាប់គ្នា ដែលវិស័យលក់អាវុធរបស់ក្រុមហ៊ុនធំៗទាំង១០០ អាចរក្សាបាននូវកំណើន បើទោះជាសេដ្ឋកិច្ចពិភពលោកកំពុងរងផលប៉ះពាល់ដោយសារ COVID-19 ក៏ដោយ។ វិទ្យាស្ថានដដែលបានបន្ថែមទៀតថាក្រុមហ៊ុនលក់អាវុធនៅក្នុងសហរដ្ឋអាមេរិក នៅតែបន្តគ្រប់គ្រងឧស្សាហកម្មអាវុធ ដោយក្រុមហ៊ុន លក់អាមេរិកចំនួន ៤១ រកកម្រៃបាន ២៨៥ពាន់លានដុល្លារ ឬស្មើនឹង៥៤ភាគរយនៃការលក់អាវុធសរុបនៅក្នុងចំណោមក្រុមហ៊ុនធំៗទាំង១០០។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនលក់ អាវុធដែលគ្រងតំណែងរាប់ពីលេខរៀងទី១ ដល់ទី៥ ចាប់តាំងពីឆ្នាំ២០១៨មក សុទ្ធតែជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមវិទ្យាស្ថាន SIPRI ការលក់អាវុធរបស់ក្រុមហ៊ុនធំៗរបស់ចិន រកកម្រៃបាន ៦៦.៨ពាន់លានដុល្លារកាលពីឆ្នាំ២០២០ ឬកើនឡើង ១.៥ភាគរយ ធៀបទៅនឹង ឆ្នាំ២០១៩ ខណៈការលក់អាវុធរបស់រុស្ស៊ីមានការថយចុះ៕