(ញូដេលី)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរទៅដល់ប្រទេសឥណ្ឌា នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ ដែលជាការបំពេញទស្សនកិច្ចទៅកាន់ក្រៅ ប្រទេសជាលើកទី២ របស់លោក ចាប់តាំងពីផ្ទុះការឆ្លងរាតត្បាត COVID-19 មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ។

នៅក្រោមកិច្ចខិតខំប្រឹងប្រែងខ្ទប់ការកើនឡើងឥទ្ធិពលចិន, ទីក្រុងវ៉ាស៊ីនតោនបានបង្កើតក្រុមប្រទេស Quad ដែលមានជាសមាជិកដូចជាឥណ្ឌា, ជប៉ុន និងអូស្ត្រាលី។ ទោះជាមាន ទំនាក់ទំនងល្អជាមួយឥណ្ឌាក៏ពិតមែន តែរុស្ស៊ីធ្លាប់បានបង្ហាញការព្រួយបារម្ភជាច្រើនលើកមកហើយចំពោះ Quad។ ត្បិតទីក្រុងម៉ូស្គូយល់ថា Quad មិនត្រឹមតែមានគោលដៅលើ ចិនទេ តែក៏តម្រង់ទៅរករុស្ស៊ីផងដែរ។

គេនៅចាំបានថា នៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូកាលពីខែកញ្ញាកន្លងទៅនេះ, លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានប្រាប់លោក វ្ល៉ាឌីមៀ ពូទីន ថារុស្ស៊ីគឺជាមិត្តដ៏អស្ចារ្យ របស់ឥណ្ឌា។ នៅក្នុងជំនួបនៅថ្ងៃចន្ទនេះក្នុងទីក្រុងញូដេលី លោក ម៉ូឌី និងលោក ពូទីន ត្រូវបានគេរំពឹងថានឹងពិភាក្សាលើការប្រគល់ប្រព័ន្ធមីស៊ីល S-400 ដែលឥណ្ឌាបញ្ជាទិញពី រុស្ស៊ី, ការពង្រឹងទំនាក់ទំនងយោធា ថាមពល និងពាណិជ្ជកម្មជាដើម។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរយៈពេលខ្លីខាងលើរបស់លោក ពូទីន ទៅកាន់ប្រទេសឥណ្ឌា គឺជាដំណើរទស្សនកិច្ចនៅឯបរទេសជាលើកទី២ បន្ទាប់ពីលោក ពូទីន បានជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែមិថុនាកន្លងទៅ៕