(ម៉ាល)៖ ប្រទេសដែនកោះម៉ាល់ឌីវ (Maldives) នៅមហាសមុទ្រឥណ្ឌា បានទទួលប្រាក់សំណងចំនួន ១០លានដុល្លារអាមេរិក ពីក្រុមហ៊ុនមួយជាម្ចាស់កប៉ាល់ ដែលបានបង្កការខូចខាតដល់តំបន់ថ្មប៉ប្រះទឹក រ៉ាស្វារី (Rasfari) ដែលស្ថិតក្នុងទីប្រជុំកោះ ខាហ្វូ (Kaafu Atoll) កាលពីខែសីហាកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១។

កប៉ាល់ដឹកទំនិញមួយគ្រឿង ដែលលើកទង់ជាតិប៉ាណាម៉ា ឈ្មោះថា អឹមវី ណាវីអូស អាម៉ារីល្លីស (MV Navios Amaryllis) បានបើកទៅជាប់គាំង នៅតំបន់ថ្មប៉ប្រះទឹក Rasfari ដែលបង្កឱ្យមានការខូចខាតយ៉ាងដំណំ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខណៈវាកំពុងធ្វើដំណើរពីប្រទេសឥណ្ឌា ឆ្ពោះទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង។

លទ្ធផលនៃការស៊ើបអង្កេត របស់ទីភ្នាក់ងារការពារបរិស្ថានម៉ាល់ឌីវ បានបង្ហាញថា កប៉ាល់Navios Amaryllis បានទៅជាប់គាំងនៅទីនោះ ដោយសារតែម៉ាស៊ីនបានរលត់ ព្រោះតែកំដៅកើនឡើងខ្លាំង និងមួយផ្នែកទៀត ដោយសារតែការធ្វេសប្រហែសរបស់ មេបញ្ជាការកប៉ាល់ផ្ទាល់។

គួរបញ្ជាក់ថា ថវិកាផាកពិន័យចំនួន ១០លានដុល្លារអាមេរិក ត្រូវបានផ្ញើរពីក្រុមហ៊ុនម្ចាស់កប៉ាល់ ចូលទៅក្នុងគណនីរបស់អាជ្ញាធររូបិយវត្ថុ របស់ម៉ាល់ឌីវ ដែលជាធនាគារកណ្តាលរបស់ប្រទេសនេះ។ ចំណែកកប៉ាល់ដែលត្រូវបានអាជ្ញាធរម៉ាល់ឌីវ ឃាត់ទុកជាបណ្តោះអាសន្ន បន្ទាប់ពីឧប្បត្តិហេតុខាងលើ ក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញទៅវិញផងដែរ បន្ទាប់ពីសំណងត្រូវបានទូទាត់រួចរាល់៕