(ហ្សាការតា)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះ ទើបតែបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងគោលចំនួន ៥ សម្រាប់ធ្វើជា «ដូសជំរុញ» ក្នុងការចាក់ជូនក្រុមមនុស្សមានមានអាទិភាព ឬអ្នកស្ថិតនៅជួរមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាល្ងាចថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។

បើតាមអាជ្ញាធរឥណ្ឌូណេស៊ី វ៉ាក់សាំងចំនួន ៥ ដែលត្រូវបានអនុម័តនោះរួមមាន Sinovac, Pfizer, AstraZeneca, Moderna និង Zifivax (ហ្ស៊ីហ្វីវ៉ាកស៍) នឹងត្រូវចែកចាយនៅទូទាំងប្រទេសដីកោះនេះ ដើម្បីប្រើប្រាស់ជា «ដូសជំរុញ»។ ដោយឡែកវ៉ាក់សាំងមួយចំនួនទៀត ក៏កំពុងស្ថិតក្នុងការធ្វើតេស្តចុងក្រោយផងដែរ ដោយអាជ្ញាធរឥណ្ឌូណេស៊ី អាចនឹងអនុម័តឲ្យប្រើប្រាស់ពួកវា នៅពេលខាងមុខទៀត។

គួរបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» នៅទូទាំងប្រទេសឥណ្ឌូណេស៊ី នឹងចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍នេះ ដោយប្រជាជនមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលត្រូវបានចាត់ទុកថា អ្នកមានអាទិភាពនោះ នឹងទទួលបានការចាក់ «ដូសជំរុញ»។ គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២១ វ៉ាក់សាំងដូសជំរុញនេះ ត្រូវចាក់ជូនតែចំពោះបុគ្គលិកសុខាភិបាលប៉ុណ្ណោះ។

កន្លងមកនេះ ប្រទេសឥណ្ឌូណេស៊ីដែលមានប្រជាជនសរុបជាង ២៧៦លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២៨៦លានដូសហើយ ក្នុងនោះប្រជាជន ១១៧លាននាក់ (៤២.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕