(ហ្សាការតា)៖ ឥណ្ឌូណេស៉ីបានចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ដូសជំរុញ ឱ្យប្រជាជនខ្លួននៅថ្ងៃពុធនេះ ចំពោះមុខក្តីព្រួយបារម្ភអំពី ការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

កម្មវិធីចាក់វ៉ាក់សាំងដូសជំរុញ នៅក្នុងប្រទេសឥណ្ឌូណេស៉ី ត្រូវបានចាប់ផ្តើមដោយផ្តល់អាទិភាព ចំពោះក្រុមអ្នកស្ថិតនៅជួរមុខ រួមមានប្រជាជនមានវ័យចំណាស់ និងប្រជាជនដែលមានប្រព័ន្ធភាពស៉ាំទន់ខ្សោយ ជាដើម។ យុទ្ធនាការនេះកំពុងប្រព្រឹត្តទៅ ស្របពេលឥណ្ឌូណេស៉ី ដែលជាប្រទេសមានមនុស្សរស់នៅច្រើនបំផុតទី៤ លើពិភពលោក មានការព្រួយបារម្ភជាខ្លាំងអំពី ការរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron។

ម៉្យាងវិញទៀត កាលពីថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៉ី បានប្រកាសរកឃើញពីករណីឆ្លងថ្មីៗចំនួន ៨០២នាក់ ដែលជាតួលេខប្រចាំថ្ងៃខ្ពស់បំផុត គិតក្នុងកំលុងពេលជិត៣ខែកន្លងមកនេះ។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញរបស់ខ្លួន ឥណ្ឌូណេស៉ីបានអនុម័តឱ្យប្រើវ៉ាក់សាំង Sinovac, AstraZeneca, Pfizer, Moderna និង Zifivax (ហ្ស៊ីហ្វីវ៉ាកស៍)។

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ីប្តេជ្ញាចាក់វ៉ាក់សាំង ជូនប្រជាជនឱ្យបានប្រហែល ២០៨លាននាក់ ក្នុងចំណោមប្រជាជនសរុបជាង ២៧០លាននាក់ ប៉ុន្តែមកទល់ពេលនេះប្រជាជនទើបជិត ១២០លាននាក់ប៉ុណ្ណោះ ដែលបានទទួលបានការចាក់គ្រប់ដូស៕