(គូឡាឡាំពួរ)៖ ប៉ូលិសជាតិម៉ាឡេស៊ី នឹងបង្កើនការធ្វើប្រតិបត្តិការ និងតាមដាន នៅក្នុងការបង្ក្រាបលើអ្នកដែលពាក់ព័ន្ធនឹងការចេញ ឬលក់បណ្ណបញ្ជាក់ពីការចាក់ វ៉ាក់សាំងបង្ការ COVID-19 ក្លែងក្លាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

ការប្រកាសខាងលើ ធ្វើឡើងបន្ទាប់ពីវេជ្ជបណ្ឌិតម្នាក់នៅក្នុងរដ្ឋតឺរ៉ុាងហ្កានូ (Terengganu) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ពីបទសង្ស័យថាបានលក់ បណ្ណចាក់វ៉ាក់សាំងបង្ការ COVID-19 ក្លែងក្លាយ។ បើតាមប៉ូលិសជាតិម៉ាឡេស៊ី មកទល់នឹងពេលនេះ ពួកគេបានរកឃើញករណីលក់បណ្ណវ៉ាក់សាំងក្លែងក្លាយតែក្នុង ទីក្រុង Marang នៃរដ្ឋ Terengganu តែប៉ុណ្ណោះ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង ដើម្បីបញ្ជាក់ថាតើមានករណីបែបនេះកើតមាននៅតាមរដ្ឋដទៃទៀត នៅក្នុងប្រទេសដែរ ឬក៏យ៉ាងណា។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ប៉ូលិសម៉ាឡេស៊ី បានទទួលស្គាល់ថាវេជ្ជបណ្ឌិតម្នាក់មានអាយុ ៥១ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការ វាយឆ្មក់គ្លីនិចព្យាបាលជំងឺរបស់វេជ្ជបណ្ឌិតរូបនេះតែម្ដង ក្រោយមានពាក្យបណ្ដឹងជាច្រើនដែលចោទថារូបគេបានលក់បណ្ណវ៉ាក់សាំងក្លែងក្លាយ ក្នុងតម្លៃចន្លោះពី
៩៥ ដល់ ១៤៣ដុល្លារ៕