(សេអ៊ូល)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ កូរ៉េខាងត្បូងនឹងចាប់ផ្តើមព្យាបាលអ្នកជំងឺ COVID-19 នៅក្នុងប្រទេសខ្លួន ដោយប្រើប្រាស់ថ្នាំគ្រាប់របស់ក្រុមហ៊ុន Pfizer ស្របពេលដែលការឆ្លងយ៉ាងឆាប់រហ័ស នៃវីរុសបំប្លែងថ្មី Omicron កំពុងបង្កឱ្យមានក្តីបារម្ភកាន់តែខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។

ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺរបស់កូរ៉េខាងត្បូង KDCA បានឱ្យដឹងថា ថ្នាំឈ្មោះថា ផាក់ឡូវីដ (Paxlovid) របស់ក្រុមហ៊ុនអាមេរិក Pfizer យ៉ាងហោចចំនួន ២១,០០០គ្រាប់ នឹងមកដល់នៅថ្ងៃព្រហស្បតិ៍នេះ ហើយនឹងត្រូវចែកចាយទៅកាន់ឱសថស្ថាន និងមជ្ឈមណ្ឌលព្យាបាល សរុបជិត៤០០កន្លែង នៅទូទាំងប្រទេស។។

ទីភ្នាក់ងារ KDCA បានបញ្ជាក់ថា ថ្នាំខាងលើនឹងត្រូវប្រើប្រាស់ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ជាង១,០០០នាក់ ក្នុងមួយថ្ងៃ ដោយផ្តល់អាទិភាពចំពោះក្រុមអ្នកជំងឺមានលទ្ធភាពខ្ពស់ ក្នុងការវិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរ, អ្នកដែលមានវ័យចំណាស់ចាប់ពី៦៥ឆ្នាំឡើងទៅ និងអ្នកដែលមានប្រព័ន្ធភាពស៉ាំចុះខ្សោយ។

បើតាមទីភ្នាក់ងារ KDCA ថ្នាំ Paxlovid ចំនួនប្រហែល១០,០០០គ្រាប់ទៀត នឹងមកដល់នៅខែក្រោយ។ ក្រុមហ៊ុន Pfizer ផ្ទាល់ បានអះអាងថា ថ្នាំគ្រាប់នេះមានសមត្ថភាពដល់ទៅជិត ៩០ភាគរយ ក្នុងការទប់ស្កាត់មិនឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់និងស្លាប់ ហើយវានៅតែមានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំងជាមួយវីរុសបំប្លែងថ្មី Omicron។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុបចំនួន ៦៧៩,០៣០នាក់ និងស្លាប់ ៦,២១០នាក់។ ក្នុងនោះវីរុស Omicron កំពុងរ៉ាប់រងត្រឹមជាង ១០ភាគរយក៏ពិតមែន ប៉ុន្តែអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានព្រមានថា វាអាចនឹងឈានទៅរ៉ាប់រងមួយចំណែកធំនៃករណីឆ្លងក្នុងខែនេះ ហើយករណីឆ្លងប្រចាំថ្ងៃ អាចនឹងលោតដល់ខ្ទង់ម៉ឺននាក់នៅខែក្រោយ៕