(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា យោធារបស់ខ្លួនមានសមត្ថភាពចាប់សញ្ញា និងស្ទាក់បំផ្លាញមីស៊ីលដែលកូរ៉េខាងជើងថា ជាប្រភេទមីស៊ីលហោះលឿនជាងល្បឿនសំឡេង (hypersonic missile) នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។

អ្នកនាំពាក្យយោធាកូរ៉េខាងត្បូង លោក ប៊ូ ស៊ុងចាន់ (Boo Seung-chan) ក៏បានគូសបញ្ជាក់ផងដែរថា យោធាកូរ៉េខាងត្បូងបានប្រុងជើងការរួចជាសម្រេច នៅចំពោះមុខការព្រួយបារម្ភថា មីស៊ីលដែលកូរ៉េខាងជើងធ្វើតេស្ដ កាលពីប៉ុន្មានថ្ងៃមុននេះ អាចទម្លុះប្រព័ន្ធខែលការពារមីស៊ីលរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនាថ្ងៃព្រហស្បតិ៍នេះ លោក Boo បានសង្កត់ធ្ងន់បន្ថែមយ៉ាងដូច្នេះថា «ខ្ញុំចប់បញ្ជាក់ប្រាប់ថា យោធាកូរ៉េខាងត្បូងមានសមត្ថភាព មិនមែនត្រឹមតែចាប់សញ្ញាមីស៊ីលប្រភេទនេះនោះទេ (មីស៊ីលល្បឿនលឿនជាងសំឡេង) ប៉ុន្តែក៏មានសមត្ថភាពស្ទាក់ចាប់ និងបំផ្លាញវាផងដែរ»។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ប្រកបដោយជោគជ័យ កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ដែលជាការធ្វើតេស្ដជាលើកទី ២ នូវអាវុធប្រភេទនេះ ក្នុងពេលមិនដល់មួយសប្ដាហ៍ផង។ បើតាមយោធាកូរ៉េខាងត្បូង មីសីលដែលកូរ៉េខាងជើងបានធ្វើតេស្ដ មានល្បឿនដល់អតិបរមា ១០ដង នៃល្បឿនសំឡេង (នៅក្នុងបរិយាកាសផែនដី សំឡេងអាចរត់បានល្បឿន ១,២២៥គីឡូម៉ែត្រក្នុងមួយម៉ោង)៕