(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៨០៦,៤៩៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៩៦៩នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦៥,២៣៦,៤៧៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៦៩,២១២នាក់ និងជាសះស្បើយឡើងសរុបជាង ៤២.៩១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

អ្នកជំនាញកំពូលផ្នែកជំងឺនៃសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានលើកឡើងថា បើទោះបីជាប្រទេសលោក បាននិងកំពុងមើលឃើញករណីឆ្លងជំងឺ COVID-19 កើនឡើងយ៉ាងគំហុក ដោយសារវីរុស Omicron ក្តី ក៏សហរដ្ឋអាមេរិកនៅតែជិតឈានទៅរក កម្រិតនៃការរៀនរស់នៅជាមួយនឹងជំងឺនេះ និងអាចគ្រប់គ្រងស្ថានការណ៍បាន។

អ្នកជំនាញកំពូលផ្នែកជំងឺនៅសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានព្រមានធ្ងន់ៗតែម្តងថា មនុស្សស្ទើរតែគ្រប់គ្នានៅក្នុងប្រទេសនេះ នឹងត្រូវប្រឈមមុខការឆ្លងវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងដូសពេញលេញ និងដូសជំរុញរួចហើយក្តី, តែក្នុងចំនួនខ្លះៗប៉ុណ្ណោះ មិនមែនភាគច្រើននោះឡើយ ដោយពួកគេខ្លះនៅតែអាចឆ្លង ប៉ុន្តែនឹងអាចទប់ទល់វីរុសនេះបាន ដោយមិនឈានដល់ថ្នាក់ចូលសម្រាកមន្ទីរពេទ្យ និងបាត់បង់ជីវិតនោះឡើយ (សម្រាប់អ្នកដែលចាក់វ៉ាក់សាំង និងដូសជំរុញរួច)។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥២២លានដូស ក្នុងនោះប្រជាជន ២៤៧.៧លាននាក់ (៧៥.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៦.៥៦លាននាក់ (៦២.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៧៦.៩៨លាននាក់ (២៣.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕