(រ៉ង់ហ្គូន)៖ តុលាការនៃប្រទេសមីយ៉ាន់ម៉ា បានដាក់ការចោទប្រកាន់ចំនួន ៥ករណីទៀត ទៅលើលោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងនោះរួមមានការជួល និងបញ្ជាទិញឧទ្ធម្ភាគចក្រមួយគ្រឿង ខណៈអតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ វីន ម្យីនត៍ (U Win Myint) ក៏បានរងការចោទប្រកាន់ដូចគ្នានេះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។

ការប្រកាសបន្ថែមបទប្រកាន់ លើអតីតមេដឹកនាំមីយ៉ាន់ម៉ាវ័យ ៧៦ឆ្នាំ ជាច្រើនករណីទៀតនេះ បានកើតមានឡើងមិនដល់មួយសប្តាហ៍នោះឡើយ បន្ទាប់ពីតុលាការមីយ៉ាន់ម៉ា បានសម្រេចផ្តន្ទាទោសលោកស្រី ស៊ូ ជី ដាក់ពន្ធនាគារបន្ថែម ៤ឆ្នាំទៀត ក្រោយពីត្រូវបានតុលាការរកឃើញថា លោកស្រីបានប្រព្រឹត្តបទឧក្រិដ្ឋចំនួន ២ករណី ជុំវិញការនាំចូល និងកាន់កាប់វិទ្យុទាក់ទងខុសច្បាប់ និងបទចោទមួយករណីទៀត ពាក់ព័ន្ធនឹងការរំលោភបំពានវិធានការទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺ COVID-19។

គួរបញ្ជាក់ថា តាមរយៈការផ្តន្ទាទោសបន្ថែមកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នោះ បានធ្វើឱ្យលោកស្រី ស៊ូ ជី ត្រូវជាប់ពន្ធនាគាររហូតដល់ ៦ឆ្នាំ ដោយបូកបញ្ចូលទាំងការផ្ដន្ទាសទោស លោកស្រីដាក់ពន្ធនាគារ ២ឆ្នាំ កាលពីចុងឆ្នាំ២០២១ នោះទៀត។ បើយោងទៅលើបទចោទប្រកាន់រាប់សិបករណី ដែលត្រូវបានចោទប្រកាន់ ក្រោយពីលោកស្រីត្រូវបានទម្លាក់ចេញពីតំណែង កាលពីខែកុម្ភៈ ឆ្នាំ២០២១ នោះ នឹងអាចនាំឲ្យអតីតមេដឹកនាំស៊ីវិលមីយ៉ាន់ម៉ារូបនេះ ជាប់ពន្ធនារហូតដល់ទៅជាង ១០០ឆ្នាំ ប្រសិនបើតុលាការរកឃើញទោសកំហុស ដូចទៅនឹងការចោទប្រកាន់ទាំងអស់មែននោះ៕