(បរទេស)៖ «ស្នាមប្រឡាក់ក្នុងការធ្វើពាក្យសន្យាផ្នែកច្បាប់របស់រដ្ឋាភិបាលអាមេរិក» «ទំព័រខ្មៅងងឹតក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ»។ល។ ទន្ទឹមនឹងការជិតចូលមកដល់នៃខួបទី ២០ឆ្នាំ នៃការបង្កើតពន្ធធនាគារ Guantanamo របស់សហរដ្ឋអាមេរិក ស្នូរសម្រែកតវ៉ាចំពោះគុកនេះ បានលាន់ឮខ្ទរខ្ទាជាប់មិនដាច់។ រយៈពេល ២០ឆ្នាំបានកន្លងផុតទៅហើយ សហរដ្ឋអាមេរិកមិនត្រឹមតែមិនបានបញ្ឈប់ ទង្វើធ្វើទារុណកម្មទៅលើអ្នកទោសប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើត «បណ្តាញគុកងងឹត» នៅទូទាំងពិភពលោកទៀតផង។ ដូចការធ្វើអត្ថាធិប្បាយរបស់ ទីភ្នាក់ងារសារព័ត៌មាន EFE នៃប្រទេសអេស្ប៉ាញថា ទង្វើរបស់ក្រុងវ៉ាស៊ីនតោនបានបំផ្លាញដល់ ប្រព័ន្ធសិទ្ធិមនុស្សអន្តរជាតិទាំងមូល។

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០០២ កងទ័ពអាមេរិកបានបង្កើតពន្ធធនាគារ នៅមូលដ្ឋានកងទ័ពជើងទឹកអាមេរិក នៅឈូងសមុទ្រ Guantanamo របស់គុយបា ដើម្បីឃុំឃាំងអ្នកជាប់សង្ស័យជាភេរវជន ដែលត្រូវចាប់ខ្លួនបន្ទាប់ពីកើតហេតុការណ៍ «ថ្ងៃ១១កញ្ញា»។ ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅនេះ តើក្នុងពន្ធធនាគារ Guantanamo បានឃុំមនុស្សណាខ្លះ បានប្រើប្រាស់មធ្យោបាយសួរចម្លើយអ្វីខ្លះ និងឃុំឃាំងយូរប៉ុន្មាន ភាគីអាមេរិកមិនដែលទម្លាយឱ្យអន្តរជាតិបានដឹងនោះទេ។ ប៉ុន្តែ ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ។ រយៈពេល ២០ឆ្នាំកន្លងមកនេះ រឿងអាស្រូវអំពីការធ្វើបាបអ្នកទោសក្នុងពន្ធធនាគារ Guantanamo បានត្រូវលាតត្រដាង ដោយប្រព័ន្ធសារព័ត៌មានឥតឈប់ឈរ ហើយត្រូវបានសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង។

ពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកជំនាញឯករាជ្យដែលចាត់តាំងឡើងដោយ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានប្រកាសសេចក្តីថ្លែងការណ៍ ដោយបានថ្កោលទោសថា ទង្វើរបស់សហរដ្ឋអាមេរិកដែលចាប់ខ្លួន និងធ្វើទារុណកម្មតាមទំនើងចិត្ត ដោយមិនបានឆ្លងកាត់ការជំនុំជម្រះ គឺជារឿងមិនអាចទទួលយកបានទាំងស្រុង បើនិយាយចំពោះរដ្ឋាភិបាលណាមួយ ជាពិសេសគឺរដ្ឋាភិបាលដែលអះអាងថា នឹងការពារសិទ្ធិមនុស្ស។
ពន្ធធនាគារ Guantanamo គ្រាន់តែជាមួយជ្រុងតូចប៉ុណ្ណោះ។

កាលពីឆ្នាំ២០០៥ កាសែត «The Washington Post» ក៏បានផ្សាយដំណឹងឱ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានបង្កើតបណ្តាញគុកសម្ងាត់នៅអាស៊ី និងអឺរ៉ុបខាងកើត ដែលពាក់ព័ន្ធនឹងថៃ អាហ្វកានីស្ថាន និងប្រទេសអឺរ៉ុបខាងកើតជាច្រើន។ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ អ្នកផងទាំងពួងមិនដែលឃើញ «គុកងងឹត» របស់អាមេរិកមានការរីកចម្រើនអ្វីសោះ ក្នុងវិស័យកែលម្អសិទ្ធិមនុស្ស ផ្ទុយទៅវិញ បែរជារកឃើញសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនបានរួមដៃគ្នាបង្កើត «គុកងងឹត» ដែលបំពានសិទ្ធិមនុស្ស កាន់តែច្រើនឡើងៗ។ «គុកងងឹត» ទាំងនេះគឺជាការចំអកយ៉ាងខ្លាំង ចំពោះអ្វីដែលហៅថា «សិទ្ធិមនុស្ស» ដែលអ្នកនយោបាយអាមេរិកតែងតែអួតអាងនោះ ហើយបានលាតត្រដាងពីការលាក់ពុត និងសភាពអាក្រក់នៃ «សិទ្ធិមនុស្សបែបអាមេរិក» ផងដែរ។

ចំពោះការថ្កោលទោសនិងរិះគន់កាន់តែខ្លាំងឡើងៗ ពីសំណាក់សហគមន៍អន្តរជាតិ ភាគីអាមេរិកគួរតែពិនិត្យកំហុសរបស់ខ្លួន ប្រញាប់បិទគុក Guantanamo និងគុកសម្ងាត់ដែលពាសពេញទូទាំងពិភពលោកភ្លាម ព្រមទាំងធ្វើការស៊ើបអង្កេត និងដេញដោលពីទំនួលខុសត្រូវដោយគ្រប់ជ្រុងជ្រោយ។ ក្នុងប្រវត្តិសាស្ត្រសិទ្ធិមនុស្សពិភពលោក «ទំព័រដ៏អាក្រក់ដែលបំពានសិទ្ធិមនុស្សតាមតែទំនើងចិត្ត ដែលសរសេរដោយសហរដ្ឋអាមេរិក» នេះគួរតែបញ្ចប់ហើយ!៕ (#CCFR Comment#)