(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថាកងទ័ពរុស្ស៊ីនឹងបន្តឈរជើងនៅក្នុងទឹកដីរបស់ ខ្លួន ដែលស្ថិតនៅក្បែរព្រំដែនអ៊ុយក្រែន ដោយសារតែភាពតានតឹងមិនទាន់ត្រូវបានដោះស្រាយជាមួយអង្គការ NATO។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

លោក Dmitry Peskov ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNN កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ។ ថ្លែងនាឱកាសនោះ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានបញ្ជាក់ដូច្នេះថា «យើងមើលឃើញថាវាជារឿងចាំបាច់ក្នុងការរក្សា កងទ័ពឱ្យបន្តឈរជើងនៅទីនោះ ដោយសារតែភាពតានតឹង និងបរិយាកាសអមិត្ត»។ លោកបន្ថែមថារុស្ស៊ីនឹងចាត់វិធានការដោយប្រុងប្រយ័ត្ន ឆ្លើយតបទៅនឹងការបង្កើនសម្មភាពយោធា, ការធ្វើសមយុទ្ធយោធា និងការបញ្ជូនយន្ដហោះចម្បាំង និងស៊ើបការណ៍របស់អង្គការ NATO មកក្បែរតំបន់ព្រំដែនរុស្ស៊ី។

យ៉ាងណាក៏ដោយ លោក Peskov បានអះអាងជាថ្មីថា រុស្ស៊ីមិនមែនកំពុងពិចារណាចាត់វិធានការយោធានោះទេ ទោះជាកិច្ចចរចាជាមួយ អាមេរិក និង NATO ស្ដីពីការធានាសន្តិសុខទទួលបរាជ័យក៏ដោយ។ ប៉ុន្តែ ជាមួយគ្នាដែរ រុស្ស៊ីត្រៀមខ្លួនជានិច្ចដើម្បីចាត់វិធានការឆ្លើយតប នៅក្នុងករណីភាគីទាំង២ មិនអាចសម្រេចបាននូវការឯកភាពកុងសង់ស៊ីសណាមួយទេនោះ៕