(ហ្សាការតា)៖ រដ្ឋមន្រ្តីផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូណេស៉ី លោក ស៊ូហាសូ ម៉ូណូអាហ្វា (Suharso Monoarfa) នៅថ្ងៃចន្ទនេះ បានប្រកាសឱ្យដឹងជាផ្លូវការ នូវឈ្មោះនៃរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូណេស៉ី ដែលគ្រោងផ្លាស់ទៅកាន់ភាគខាងកើត នៃកោះកាលីម៉ាន់តាន់ (Kalimantan)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

លោក Monoarfa បាននិយាយថា រដ្ឋធានីថ្មីនោះនឹងមានឈ្មោះ «នូសានតារ៉ា (Nusantara)» ដែលមានន័យថា «ទីប្រជុំកោះ» ក្នុងភាសាឥណ្ឌូណេស៉ី។ មូលហេតុគឺដោយសារតែពាក្យនេះ ត្រូវបានគេស្គាល់ជាយូរណាស់មកហើយ ទាំងក្នុងចំណោមអន្តរជាតិ និងទាំងនៅក្នុងប្រទេសផ្ទាល់ ណាមួយវាជាឈ្មោះយ៉ាងសាមញ្ញ ហើយបរិយាយអំពីប្រទេសឥណ្ឌូណេស៉ីចំតែម្តង។ យ៉ាងណាមិញ មិនទាន់មានការសម្រេចជាចុងក្រោយ ថាតើរដ្ឋធានីថ្មី នឹងមានទម្រង់ជាទីក្រុង ឬមួយក៏ជាខេត្តនោះទេ។

ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) បានប្រកាសពីគម្រោងផ្លាស់រដ្ឋធានីនេះ កាលពីឆ្នាំ២០១៩ គឺផ្លាស់ពីទីក្រុងហ្សាការតា ទៅកាន់តំបន់មួយនៅខេត្តកាលីម៉ាន់តាន់ខាងកើត។ ការសម្រេចនេះត្រូវគេមើលឃើញថា មានសារសំខាន់ដើម្បីសង្រ្គោះ ទីក្រុងហ្សាការតា ដែលកំពុងជួបភាពកកស្ទះខ្លាំង ហើយក៏កំពុងលិចចូលទឹកសមុទ្រដោយសន្សឹមៗផងដែរ។ ហេតុផលមួយទៀតនោះ គឺដើម្បីផ្តោតការអភិវឌ្ឍទៅកាន់កោះកាលីម៉ាន់តាន់ និងតំបន់ផ្នែកខាងកើតនៃប្រទេសឥណ្ឌូណេស៉ីវិញម្តង ខណៈសកម្មភាពសេដ្ឋកិច្ចភាគច្រើន ត្រូវបានផ្តោតតែនៅលើកោះជ្វា ជាទីដែលរដ្ឋធានីសព្វថ្ងៃស្ថិតនៅ។

គួរបញ្ជាក់ថា ដំណើការសាងសង់នៃគម្រោងរដ្ឋធានីថ្មីនេះ ដែលមានទំហំថវិកា៣២ពាន់លានដុល្លារ ដំបូងឡើយគ្រោងចាប់ផ្តើមកាលពីឆ្នាំ២០២០ ប៉ុន្តែវិបត្តិជំងឺរាតត្បាតសកល COVID-19 បានបង្ខំឱ្យវាត្រូវពន្យារពេល។ ក្នុងខែមករា ឆ្នាំ២០២២នេះ សភាឥណ្ឌូណេស៉ី ត្រូវគេរំពឹងថានឹងបោះឆ្នោតអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីរដ្ឋធានីថ្មី ដើម្បីអាចឱ្យដំណើរការសាងសង់ចាប់ផ្តើមក្នុងពេលឆាប់ៗ ហើយដំណើការផ្លាស់រដ្ឋធានី អាចចាប់ប្រព្រឹត្តទៅនៅឆ្នាំ២០២៤៕