(សេអ៊ូល)៖ ក្រុមប្រឹក្សាសន្តិសុខជាតិ នៃប្រធានាធិបតីកូរ៉េខាងត្បូង (NSC) បានសម្តែងចេញនូវការសោកស្តាយយ៉ាងក្រៃលែង ក្រោយពីប្រទេសកូរ៉េខាងជើងបានធ្វើតេស្ត បាញ់គ្រាប់មីស៊ីលជាលើកទី ៤ នៅក្នុងខែមករា ឆ្នាំ២០២២នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

ក្រុមប្រឹក្សា NSC បានបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃចន្ទនេះ បន្ទាប់ពីយោធាកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើងបានបាញ់សាកល្បង គ្រាប់មីស៊ីលបាលីស្ទីកចំនួន ២គ្រាប់ ចេញពីអាកាសយានដ្ឋាន ស៊ូណាន (Sunan) នៃទីក្រុងព្យុងយ៉ាង ហើយមីស៊ីលទាំង ២គ្រាប់នោះ បានធ្លាក់ទៅក្នុងដែនសមុទ្រ ភាគខាងកើតប្រទេសនោះវិញ។

នៅក្រោយកិច្ចប្រជុំខាងលើនេះបញ្ចប់ទៅ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយយ៉ាងដូច្នេះថា «សមាជិកនៃ NSC បានធ្វើការពិភាក្សាដ៏ស៊ីជម្រៅមួយ និងបានសម្តែងការសោកស្តាយយ៉ាងក្រៃលែង ចំពោះការបន្តស្ថានការណ៍ (តានតឹង) បែបនេះ ដោយកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ៤លើកជាបន្តបន្ទាប់ក្នុងឆ្នាំនេះ»

ដោយឡែក បើតាមលោកស្រី ផាក គ្យុងមី (Park Kyung-mee) ដែលជាអ្នកនាំពាក្យនៃប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន បានអះអាងតាមរយៈសេចក្តីថ្លែងការណ៍ ផ្សេងមួយទៀតថា ពេលនេះលោកប្រធានាធិបតី កំពុងស្ថិតក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចំនួន ៣ នៅតំបន់មជ្ឈិមបូព៌ា ហើយលោកក៏បានចេញបញ្ជាមកកាន់មន្ត្រីពាក់ព័ន្ធ ឲ្យរក្សាស្ថិរភាពឲ្យបាន នៅក្នុងតំបន់ឧបទ្វីបកូរ៉េផងដែរ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខជាតិ នៃប្រធានាធិបតីកូរ៉េខាងត្បូង (NSC) ក៏បានប្តេជ្ញាផងដែរ ក្នុងការប្រឹងប្រែងធ្វើទំនាក់ទំនងជាថ្មី ជាមួយនឹងប្រទេសកូរ៉េខាងជើង ដើម្បីជំរុញឲ្យកិច្ចសន្ទនារវាងប្រទេសទាំងពីរ អាចចាប់ផ្តើមឡើងវិញ និងទប់ស្កាត់កុំឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េ កាន់តែយ៉ាប់យ៉ឺនជាងនេះទៀត៕