(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃអង្គារនេះថា មីស៊ីលចំនួន ២គ្រាប់ ដែលខ្លួនបានធ្វើតេស្តកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គឺជាប្រភេទ «មីស៊ីលយុទ្ធសាស្ត្រចង្អុលប្រាប់ទិស» ខណៈនៅមុននេះ ក្រុមជំនាញកូរ៉េខាងត្បូងបានសន្និដ្ឋានថា ពួកវាអាចជាប្រភេទ មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២។

សម្រាប់ការធ្វើតេស្តមីស៊ីលជាលើកទី ៤ សម្រាប់ដើមឆ្នាំ២០២២ កាលពីថ្ងៃចន្ទនោះ ត្រូវបានទីក្រុងព្យុងយ៉ាងអះអាងថា ធ្វើឡើងដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃអាវុធប្រភេទនេះ និងស្របតាមការប្តេជ្ញាចិត្តរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងការពង្រឹង និងពង្រីកសមត្ថភាពយោធាប្រទេសនេះ បន្ថែមទៀតសម្រាប់ឆ្នាំ២០២២នេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃអង្គារនេះថា «មីស៊ីលចង្អុលប្រាប់់ទិសចំនួន ២គ្រាប់ ត្រូវបានបាញ់ចេញពីភាគខាងលិច នៃប្រទេសកូរ៉េខាងជើង ហើយបានហោះទៅបុកចំគោលដៅយ៉ាងល្អឥតខ្ចោះ ស្ថិតនៅលើកោះមួយ ក្នុងដែនសមុទ្រភាគខាងកើតរបស់កូរ៉េ។ បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ បានបញ្ជាក់ពីភាពត្រឹមត្រូវ សុវត្ថិភាព និងប្រសិទ្ធភាព នៃប្រតិបត្តិការនៃប្រព័ន្ធអាវុធ ដែលកំពុងស្ថិតក្នុងការផលិតនេះ»

គួរបញ្ជាក់ថា ជុំវិញការធ្វើតេស្តជាលើកទី ៤ ខាងលើនេះ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ បានសម្តែងចេញនូវការសោកស្តាយយ៉ាងខ្លាំងក្រៃលែង ប៉ុន្តែទីក្រុងសេអ៊ូលនៅតែប្តេជ្ញា ព្យាយាមធ្វើទំនាក់ទំនងជាមួយកូរ៉េខាងជើង ដើម្បីរៀបចំកិច្ចសន្ទនារវាងគ្នាឡើងវិញ។ ទោះជាយ៉ាងណា យោធាកូរ៉េខាងត្បូង ក៏ធ្លាប់បានអះអាងផងដែរថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចាប់សញ្ញា និងបាញ់ទម្លាក់គ្រាប់មីស៊ីលកូរ៉េខាងជើង ទោះបីនោះជាប្រភេទ មីស៊ីលហោះលឿនជាងល្បឿនសំឡេងក្តី៕