(វែលីងតុន)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះបាននិយាយថាខ្លួនចាប់បានសញ្ញាដង្ហើយហៅរកជំនួយ នៅក្នុងប្រទេសដីកោះតុហ្កា ដែលទើបតែរងការវាយប្រហារពីរលកយក្សស៊ូណាមិ បង្កឡើងដោយការផ្ទុះភ្នំភ្លើងបាតសមុទ្រ ខណៈមនុស្សម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២។

បើតាមការិយាល័យ UN សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) កោះចំនួន២ គឺមែនហ្គូ (Mango) និងហ្វូណយ (Fonoi) បានទទួលរងការខូចខាតយ៉ាងដំណំ ប៉ុន្តែមកទល់នឹងពេលនេះគេមិនទាន់អាចទំនាក់ទំនងជាមួយប្រជាជននៅក្នុងតំបន់បាននៅឡើយទេ។

OCHA បានបន្ថែមដូច្នេះថា «សញ្ញាដង្ហើយហៅរកជំនួយត្រូវបានរាយការណ៍ចេញពីកោះ Mango ដែលមានប្រជាជនច្រើនជាង៣០នាក់រស់នៅ ខណៈផ្ទះសម្បែង និងរីសតជាច្រើននៅលើកោះតុងហ្កាតាពូ (Tongatapu) ក៏ត្រូវបានបំផ្លាញ ឬខូចខាតធ្ងន់ធ្ងរ ហើយមនុស្ស២នាក់បាន បាត់ខ្លួន»

មិនទាន់មានព័ត៌មានលម្អិតពីអ្នកបាត់ខ្លួនទាំង ២នាក់នេះនៅឡើយទេ តែសាកសពមនុស្សជាស្ត្រីម្នាក់ត្រូវបានគេរកឃើញហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ភ្នំភ្លើងឈ្មោះ ហាំងហ្កា តុងហ្កា ហាំងហ្កា ហាអាប៉ៃ (Hunga Tonga-Hunga Ha'apai) បានផ្ទុះឡើងយ៉ាងកក្រើក នៅចម្ងាយប្រមាណជា៦៥គីឡូម៉ែត្រ ពីភាគខាងជើងនៃរាជធានីនូគូអាឡូហ្វា (Nuku'alofa) របស់ប្រទេសតុងហ្កា។ បន្ទុះភ្នំភ្លើងនោះ បានបង្កជារលកស៊ូណាមិធំៗ បោកបក់ទៅលើប្រទេសដីកោះនេះ ហើយប្រទេសមួយចំនួនទៀត នៅលើមហាសមុទ្រប៉ាស៉ីហ្វិក ក៏បានទទួលរងចំហាយឥទ្ធិពលរបស់វាដែរ៕