(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺ (CDC) នៃសហរដ្ឋអាមេរិក បានចេញសារព្រមានចំពោះការធ្វើដំណើរ ទៅកាន់បណ្តាប្រទេស និងដែនដីសរុបចំនួន ២២ ដោយសារតែរាតត្បាតជំងឺ COVID-19 ក្នុងកម្រិតធ្ងន់ ក្នុងនោះក៏រួមមានប្រទេស អ៊ីស្រាអែល, អូស្ត្រាលី, អេហ្ស៊ីប, អាល់បានី, អាហ្សង់ទីន និងអ៊ុយរ៉ាហ្កាយផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

CDC បានបង្កើនការប្រកាសអាសន្នដល់កម្រិតទី ៤ ដែលជាកម្រិតខ្ពស់បំផុត ដោយបានណែនាំប្រជាជនអាមេរិកទាំងឡាយ គួរតែចៀសវាងការធ្វើដំណើរទៅកាន់ គោលដៅមួយចំនួនដូចជា ប៉ាណាម៉ា, កាតា, បាហាម៉ាស់ (Bahamas), បារ៉ែន, ប៊ឺមូដា(Bermuda), កោះវើជីនរបស់អង់គ្លេស (British Virgin Islands), កោះ ធើក និងខាកូស (Turks and Caicos Islands), សាន លូសៀ (Saint Lucia) និង បូលីវី។

សរុបជារួមមក គិតត្រឹមពេលនេះមជ្ឈមណ្ឌល CDC របស់អាមេរិក បានកត់ឈ្មោះប្រទេស និងដែនសរុបចំនួនជាង ១០០ហើយ ទៅក្នុងបញ្ជីនៃការព្រមានលើការធ្វើដំណើរ នៅក្នុងកម្រិតទី ៤។ ដោយឡែកប្រទេសចំនួន ២០ទៀតក៏ទើបត្រូវបានបង្កើនការព្រមាន ដល់កម្រិតទី ៣ ផងដែរ ក្នុងនោះមានដូចជា អ៊ូហ្គង់ដា, គូវ៉ែត, ចាម៉ៃកា, ខូស្តារីកា និងគុយបា ជាដើម។

CDC បានណែនាំពលរដ្ឋអាមេរិកាំងទាំងឡាយ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការ COVID-19 និងគ្មានកិច្ចការចាំបាច់នោះ មិនត្រូវធ្វើដំណើរទៅកាន់បណ្តាប្រទេស និងដែនដីដែលមានឈ្មោះនៅក្នុងបញ្ជីខាងលើនេះឡើយ៕