(ប៉េកាំង)៖ «សុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping មានអត្ថន័យជានិមិត្តសញ្ញាចំពោះការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ លោកបានបង្ហាញឱ្យពិភពលោកឃើញថា តើប្រទេសចិននិងពិភពលោក នឹងដើរឆ្ពោះទៅកាន់ពេលអនាគតកាន់តែល្អបវរ តាមរបៀបណាក្នុងប៉ុន្មានឆ្នាំខាងមុខនេះ»។ នេះគឺការវាយតម្លៃរបស់លោក Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក ឬហៅថា វេទិកា Davos។

កាលពីថ្ងៃទី១៧ ខែមករា លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ នៅក្រុងប៉េកាំង ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ ក្នុងសកម្មភាពការទូតពហុភាគីលើកដំបូង ក្នុងឆ្នាំថ្មីលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានគិតពិចារណាពីនិន្នាការប្រវត្តិសាស្ត្រ លើកឡើងនូវគំនិតផ្តួចផ្តើមបួនចំណុច និងប្រកាសសកម្មភាពចំនួន ៣ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ន ដែលបានបង្ហាញយ៉ាងច្បាស់ទៅកាន់ទូទាំងពិភពលោក នូវការប្តេជ្ញាចិត្ត និងភាពខិតខំប្រឹងប្រែងរបស់ចិន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសកល។

«ពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការ និងប្រមូលផ្តុំកម្លាំងកាយចិត្ត ដើម្បីយកឈ្នះលើជំងឺកូវីដ១៩» «ដោះស្រាយហានិភ័យគ្រប់បែបយ៉ាង ដើម្បីជំរុញការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញដោយនឹងនរ» «ឆ្លងផុតគម្លាតនៃការអភិវឌ្ឍ ដើម្បីស្តារការអភិវឌ្ឍសកលឡើងវិញ» និង «លុបចោលគំនិតសង្គ្រាមត្រជាក់ ដើម្បីសម្រេចបាននូវការរួមរស់នៅជាមួយគ្នា ដោយសន្តិភាព ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ» គំនិតផ្តួចផ្តើម ៤ចំណុច ដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនេះ មិនត្រឹមតែមានការបូកសរុប បទពិសោធន៍ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏បានសំដៅចំចំណុចជាក់ស្តែងយ៉ាងខ្លាំងផងដែរ ពោលគឺ បានចង្អុលបង្ហាញទិសដៅឱ្យសហគមន៍អន្តរជាតិ បម្រះចេញពីភាពទាល់ច្រកនាពេលបច្ចុប្បន្ននេះ។

សូមយកការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាឧទាហរណ៍ ប្រទេសនានាកំពុងរងផលប៉ះពាល់ ពីការបន្តរីករាលដាលនៃជំងឺកូវីដ១៩ និងការបម្លែងថ្មីនៃវីរុស។ លោក Xi Jinping បានបង្ហាញថា ការពង្រឹងជំនឿចិត្ត និងរួមគ្នាពុះពារឧបសគ្គគឺជាផ្លូវដ៏ត្រឹមត្រូវតែមួយគត់ សម្រាប់ការយកឈ្នះលើជំងឺកូវីដ១៩។ ប្រទេសនានាលើពិភពលោក គួរបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពន្លឿនការកសាងសហគមន៍រួមសុខាភិបាលរបស់មនុស្សជាតិ ធានាការចែកចាយវ៉ាក់សាំងដោយស្មើគ្នា និងយុត្តិធម៌ ដើម្បីលុបបំបាត់ «គម្លាតខ្លាំងខាងភាពស៊ាំនឹងរោគ» អន្តរជាតិ។

ក្នុងមួយឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចពិភពលោកបានងើបឡើងវិញក្នុងការលំបាក ប៉ុន្តែនៅតែប្រឈមមុខនឹងភាពមិនប្រាកដប្រជា នៅពេលអនាគតដដែល។ ក្នុងសុន្ទរកថាលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ម្តងទៀតថា ត្រូវប្រកាន់ខ្ជាប់ទិសដៅធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ប្រកាន់ខ្ជាប់ពហុភាគីនិយមដ៏ពិតប្រាកដ អំពាវនាវភាគីនានាជំរុញកំណែទម្រង់ នៃប្រព័ន្ធអភិបាលកិច្ចសកល បង្កើនការសម្របសម្រួលនៃគោលនយោបាយម៉ាក្រូ ព្រមទាំងលើកឡើងថា រីករាយរួមជាមួយភាគីនានាជំរុញការអនុវត្តជាក់ស្តែង នូវគំនិតផ្តួចផ្តើមអំពីការអភិវឌ្ឍជាសកល និងខិតខំប្រឹងប្រែងមិនឱ្យប្រទេសណាមួយនៅក្រៅជួរឡើយ។

សំដៅចំពោះកងកម្លាំងមួយចំនួន ដែលបានបង្កការតតាំងគ្នា និងការបដិបក្ខគ្នាលើពិភពលោក លោក Xi Jinping បានគូសបញ្ជាក់ថា ការអនុវត្តការពារនិយម និងឯកតោភាគីនិយម មុខជានឹងបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផង និងខ្លួនឯងផងដែរ។ ប្រទេស និងអរិយធម៌ទីទៃគ្នា គួរតែរីកចម្រើនជាមួយគ្នាក្នុងការគោរពគ្នាទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងការស្វែងរកចំណុចឯកភាពគ្នា និងរក្សាទុកគំនិតមិនស្របគ្នា។

ជាង ១០ថ្ងៃទៀត ចិននឹងអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំខាល។ ឈរលើទីចាប់ផ្តើមថ្មី កម្លាំងរបស់ចិននឹងជំរុញការងើបឡើងវិញជាសកល ខិតខំយកឈ្នះលើឧបសគ្គគ្រប់បែបយ៉ាង លើផ្លូវអភិវឌ្ឍន៍ដោយអង់អាចក្លាហាន ដើម្បីរួមគ្នាឆ្ពោះទៅកាន់អនាគត!៕ (#CCFR Comment#)