(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងឈានចូលមកដល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ទោះបីថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន មិនមែនជាថ្ងៃឈប់សម្រាកផ្លូវការក៏ដោយ នៅថ្ងៃនោះ ទីក្រុងភ្នំពេញនិងតំបន់ទីប្រជុំជនជាច្រើន មានសភាពស្ងប់ស្ងាត់ ដោយសារហាងទំនិញ និងទីកន្លែងបម្រើការងារជាច្រើន បានបិទទ្វាដើម្បីចូលរួមប្រារព្ធពិធីបុណ្យនេះ ហើយប្រជាជនទូទៅដោយរួមទាំងជនជាតិខ្មែរ ធ្វើដំណើរចាកចេញពីទីក្រុង ទៅកម្សាន្តតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស ដើម្បីអបអរពិធីបុណ្យនេះ។ ការចូលរួមប្រារព្ធ និងអបអរពិធីបុណ្យនេះដោយជនជាតិចិន និងជនជាតិខ្មែរដោយពុំមានការរើសអើង គឺជាភ័ស្តុតាងដ៏សំខាន់មួយ ដែលបង្ហាញនូវភាពសុខដុមជាតិសាសន៍ដ៏ល្អ នៅក្នុងសង្គមកម្ពុជា។

ឯកសារប្រវត្តិសាស្រ្តបង្ហាញថា ប្រទេសកម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្ម ជាមួយឈ្មួញជនជាតិចិន ចាប់តាំងពីដើមសតវត្សរ៍ទី ១ នៃគ្រិស្តសករាជ ប៉ុន្តែអ្នកស្រាវជ្រាវខ្លះបានអះអាងថា ប្រទេសកម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្ម ជាមួយឈ្មួញជនជាតិចិន តាំងពីប្រហែល ៣០០ឆ្នាំមុនគ្រិស្តសករាជ មកម្ល៉េះ។

ទោះបីមានទំនាក់ទំនងពាណិជ្ជកម្មជាមួយឈ្មួញជនជាតិចិន ដ៏យូរលង់ដូច្នោះ ក៏ដោយ កំណត់ត្រាប្រវត្តិសាស្រ្តហាក់ដូចជាបង្ហាញថា មិនមានជនជាតិចិនក្នុងចំនួនច្រើន រស់នៅក្នុងប្រទេសកម្ពុជានៅក្នុងសម័យកាលមុនអង្គរ និងសម័យអង្គរនោះឡើយ។ កំណើនវត្តមានជនជាតិចិននៅកម្ពុជា កើតឡើងនៅក្រោយពេលកម្ពុជាផ្លាស់ប្ដូររាជធានី ពីអង្គរ មកភ្នំពេញ នៅឆ្នាំ១៤៣៤។ នាពេលនោះ រាជធានីភ្នំពេញ បានក្លាយជាទីក្រុងពាណិជ្ជកម្មមួយ ដែលទាក់ទាញអ្នកជំនួញបរទេសជាច្រើន ចូលមកកម្ពុជា។ មានការអះអាងថា ជនជាតិចិនអម្បូរភាសាហុកគៀន បានធ្វើអន្តោប្រវេសន៍មកកាន់ប្រទេសកម្ពុជាមុនដំបូងគេ នៅក្នុងសតវត្សរ៍ទី១៥នេះ។ ការធ្វើចំណាកស្រុកទ្រង់ទ្រាយធំរបស់ជនជាតិចិនចូលមកកម្ពុជា បានកើតឡើងនៅក្នុងសតវត្សរ៍ទី១៧។ មូលហេតុចម្បងនៃការធ្វើចំណាកស្រុក របស់ពួកគេនាពេលនោះ គឺការដួលរលំនៃរាជវង្សម៉េងនៅឆ្នាំ១៦៤៤ ដែលត្រូវបានផ្ដួលរំលំដោយជនជាតិម៉ាន់ជូ។ នៅឆ្នាំ១៦៧៥ ម៉ាក គូ ជាជនជាតិចិនអម្បូរភាសាហៃណាន ដែលមានភក្ដីភាពចំពោះរាជវង្សម៉េង បានធ្វើចំណាកស្រុកមកកាន់បន្ទាយមាស នៃខេត្តកំពត ហើយនៅពេលក្រោយមក គាត់បាននាំយក ជនជាតិចិនអម្បូរភាសាហៃណានជាច្រើន មកកាន់បន្ទាយមាស ខេត្តកំពត ដើម្បីរត់គេចចេញពីការគ្រប់គ្រងរបស់ជនជាតិម៉ាន់ជូ។ នៅឆ្នាំ១៦៧៩ មេទ័ពជនជាតិចិនអម្បូរភាសាកាតាំង ឈ្មោះ យ៉ាង យិនឌី ដែលអស់សង្ឃឹមថានឹងអាចធ្វើការតស៊ូដើម្បីស្ដាររាជវង្សម៉េងឡើងវិញ បានដឹកនាំជនជាតិចិនជាច្រើន ភៀសខ្លួនមកភាគខាងត្បួង ចូលមកកាន់ប្រទេសដាយវៀត ហើយពួកគេមួយចំនួន បានធ្វើដំណើរបន្តចូលមកអាណាចក្រចម្ប៉ា និងហួសចូលមកកម្ពុជា ដោយអ្នកខ្លះបានមករស់នៅក្នុងខេត្តតាកែវ ខេត្តកំពត និងតាមដងទន្លេបាសាក់ និងទន្លេមេគង្គ។ នៅត្រឹមឆ្នាំ១៨៩៧ ទីក្រុងភ្នំពេញមានមនុស្សរស់នៅសរុបចំនួន ៥០,០០០នាក់ ដោយមានជនជាតិចិនចំនួន ២២,០០០នាក់ ដែលស្មើនឹង ៤៤% នៃចំនួនប្រជាជនសរុប។

ចាប់ពីទសវត្សរ៍ឆ្នាំ១៩៣០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៦០ ជនជាតិចិនទាជីវជាច្រើនបានភៀសខ្លួនចូលមកកម្ពុជា ជាពិសេសមកពីប្រទេសថៃ ដោយនៅគ្រាដំបូង ពួកគេមកតាំងទីលំនៅក្នុងខេត្តបាត់ដំបង នៅពេលខេត្តនេះស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ប៉ុន្តែនៅក្រោយពេលប្រទេសថៃប្រគល់ខេត្តនេះមកកម្ពុជាវិញ ជនជាតិចិនទាជីវទាំងនោះបន្តរស់នៅក្នុងខេត្តនោះ ដោយមិនត្រឡប់ទៅកាន់ប្រទេសថៃវិញនោះឡើយ ដែលធ្វើឲ្យចំនួនជនជាតិចិនទាជីវនៅកម្ពុជា កើនចំនួនច្រើនជាងចំនួនជនជាតិចិនអម្បូរភាសាផ្សេងៗទៀត។

ជនជាតិចិនដែលរស់នៅកម្ពុជាអាចត្រូវបែងចែកជា ៥ក្រុមផ្សេងៗគ្នា ដោយផ្អែកលើអម្បូរភាសារបស់ពួកគេ ពោលគឺ ចិនទាជីវ ចិនកាតាំង ចិនហុកគៀន ចិនហៃណាណ និងចិនហាក់កាឬចិនខិ។ ចិនទាជីវ មានចំនួនច្រើនជាងគេបំផុត ដោយអ្នកសិក្សាស្រាវជ្រាវមួយចំនួនបានសន្និដ្ឋានថា ប្រហែល៨០% នៃជនជាតិចិនដែលរស់នៅកម្ពុជា គឺជនជាតិចិនទាជីវ។ ជនជាតិចិនអម្បូរភាសាទាជីវ គឺជាជនជាតិហាន ដែលមានប្រភពមកពីតំបន់ចៅហ្សាននៃខេត្តក្វាងទុង ហើយពួកគេភាគច្រើនរស់នៅក្នុងទីក្រុងភ្នំពេញ ខេត្តកំពត និងខេត្តកំពង់ចាម។ អម្បូរភាសាកាតាំង ត្រូវគេប្រើប្រាស់ភាគច្រើននៅទីក្រុងកាន់តុននៃខេត្តក្វាងចូវ ទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងតំបន់ប៉ែកខាងកើតនៃខេត្តគ័ងស៊ី។ ភាគច្រើននៃជនជាតិចិនអម្បូរភាសាកាតាំងនៅក្នុងប្រទេសកម្ពុជា បានធ្វើចំណាកស្រុកមកពីតំបន់ក្បែរៗទីក្រុងកាន់តុងនៃខេត្តក្វាងចូវ។ ពួកគេភាគច្រើន រស់នៅក្នុងក្រុងភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ ទាំងចិនទាជីវ និងចិនកាតាំង មានគំនិតអភិរក្សនិយមខ្លាំង ដោយពួកគេមិនចង់ឲ្យកូនចៅរបស់ខ្លួន រៀបការជាមួយជនជាតិចិនអម្បូរភាសាដទៃ ឬជនជាតិខ្មែរ នោះឡើយ។ អម្បូរភាសាហុកគៀន ត្រូវគេប្រើប្រាស់ភាគច្រើននៅក្នុងខេត្តហ៊្វូជៀន។ នៅក្នុងប្រទេសកម្ពុជា ភាគច្រើននៃចិនហុកគៀនដែលមានប្រភពមកពីខេត្តហ៊្វូជៀន រស់នៅក្នុងទីក្រុងភ្នំពេញនិងខេត្តបាត់ដំបង។ ចិនហុកគៀន មានបំណងចង់ក្លាយជាជនជាតិខ្មែរ ចង់បម្រើការងារក្នុងរដ្ឋាភិបាល ហេតុដូច្នេះពួកគេពេញចិត្តនឹងអនុញ្ញាតឲ្យកូនចៅរបស់ពួកគេរៀបការជាមួយជនជាតិខ្មែរ រៀនភាសារខ្មែរ និងប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ខ្មែរ។ អម្បូរភាសាហាក់កា ត្រូវប្រើប្រាស់ដោយជនជាតិហាននៅខេត្តក្វាងទុង ជាងស៊ី និងហ៊្វូជៀន។ ចិនហាក់កាឬចិនខិដែលរស់នៅកម្ពុជា ភាគច្រើនបានចាកចេញមកពីស្រុកស៊ីងនីង នៃខេត្តក្វាងទុង ដោយពួកគេភាគច្រើន រស់នៅក្នុងខេត្ត ស្ទឹងត្រែង តាកែវ និង រតនគិរី។ ចិនហាក់កាឬចិនខិក៏មានបំណងប្រហាក់ប្រហែលនឹងចិនហុកគៀនផងដែរ ដោយពួកគេចង់ក្លាយខ្លួនជាខ្មែរ និងពេញចិត្តនឹងអនុញ្ញាត្តឲ្យកូនចៅរបស់ពួកគេរៀបការជាមួយជនជាតិខ្មែរ រៀនភាសាខ្មែរ និងប្រតិបត្តិប្រពៃណីវប្បធម៌ខ្មែរ។ អម្បូរភាសាហៃណាន គឺជាអម្បូរភាសាដែលបែកចេញពីអម្បូរភាសាហុកគៀន។ ជនជាតិចិនដែលរស់នៅលើកោះហៃណាន ប្រើប្រាស់អម្បូរភាសាហៃណាន។ ភាគច្រើននៃចិនហៃណាន ដែលបានធ្វើចំណាកស្រុកចូលមកកម្ពុជា រស់នៅក្នុងអតីតខេត្តពាមបន្ទាយមាស ឬសព្វថ្ងៃហៅថាខេត្តកំពត ដោយទីតាំងលំនៅជាប្រវត្តិសាស្រ្តរបស់ពួកគេ គឺអតីតពាមបន្ទាយមាស ផ្នែកខ្លះនៃខេត្តនេះលាតសន្ធឹងនៅស្រុកទូកមាស និងស្រុកកំពង់ត្រាចបច្ចុប្បន្ន។ នាពេលក្រោយមក ពួកគេមួយចំនួនបានផ្លាស់ទីលំនៅទៅកាន់ទីក្រុងភ្នំពេញ ទៅកាន់ស្រុកស្រែអំបិលនៃខេត្តកោះកុង និងទៅកាន់ស៊ីសុផុន ផងដែរ។
ជនជាតិចិនដែលរស់នៅក្នុងប្រទេសកម្ពុជា បានឆ្លងកាត់គ្រប់ព្រឹត្តិការណ៍ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែពួកគេបានតស៊ូជំនះភាពលំបាក និងបត់បែនទៅតាមកាលៈទេសៈ ដែលធ្វើឲ្យពួកគេអាចបន្តរស់រានមានជីវិត និងស្ថិតនៅគង់វង្សរហូតមកដល់សព្វថ្ងៃ។
ជនជាតិចិន និងជនជាតិខ្មែរ បានរស់នៅជាមួយគ្នាក្នុងប្រទេសនេះ ប្រកបដោយភាពសុខដុម អស់រយៈពេលរាប់រយឆ្នាំមកហើយ។ មានកត្តាចម្បងៗមួយចំនួន ដែលរួមចំណែកបង្កើតភាពសុខដុមរវាងជនជាតិចិន និងជនជាតិខ្មែរនៅក្នុងប្រទេសកម្ពុជា។ កត្តាអំណោយផលទី១ គឺកត្តាភូមិសាស្រ្ត។ ប្រទេសចិនមិនមានព្រំដែនជាប់នឹងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជា និងចិន មិនមានជម្លោះប្រវត្តិសាស្រ្តពាក់ព័ន្ធនឹងបូរណភាពដែនដី ដែលជាបញ្ហារសើបដែលប៉ះពាល់ដល់អារម្មណ៍ជនជាតិខ្មែរ។ កត្តាអំណោយផលដ៏សំខាន់មួយទៀត គឺគោលនយោបាយបរទេសរបស់ប្រទេសទាំងពីរ។ ជាទូទៅ មេដឹកនាំកម្ពុជានិងចិនតែងតែប្រកាន់ជំហររក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគីដ៏ល្អ។ ទន្ទឹមនឹងនេះ ចាប់តាំងពីដើមទស្សវត្សរ៍ឆ្នាំ១៩៩០មក ប្រព័ន្ធនយោបាយប្រជាធិបតេយ្យ ត្រូវបានដាក់ឲ្យដំណើរការនៅកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជា បានប្រកាន់យក គោលនយោបាយសុខដុមរមនីយកម្មជាតិសាសន៍ ដោយផ្ដល់សិទ្ធិសេរីភាពជូនដល់គ្រប់ក្រុមជាតិសាសន៍ទាំងអស់ ដែលរស់នៅក្នុងប្រទេសកម្ពុជា។ កត្តាសំខាន់មួយទៀត គឺជនជាតិចិនខ្លួនឯង ធ្វើសមាហរណកម្មយ៉ាងល្អចូលទៅក្នុងសង្គមវប្បធម៌កម្ពុជា។ ពួកគេគោរពច្បាប់ ប្រពៃណីទំនៀមទម្លាប់ជនជាតិខ្មែរ ប្រារព្ធពិធីនានាតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងរៀបការជាមួយជនជាតិខ្មែរ ផងដែរ។ ទន្ទឹមនឹងនេះ ពួកគេភាគច្រើនសម្គាល់អត្តសញ្ញាណខ្លួនឯងថា ជាជនជាតិខ្មែរ និងចាត់ទុកប្រទេសកម្ពុជាជាទឹកដីកំណើត ដោយពួកគេនិយាយភាសាខ្មែរ រៀននៅក្នុងសាលាខ្មែរ ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរ ប្រកបមុខរបរដូចជាជនជាតិខ្មែរ។ កត្តាអំណោយផលដ៏សំខាន់មួយទៀត គឺភាពបំពេញឲ្យគ្នាទៅវិញទៅមក នៃសកម្មភាពសេដ្ឋកិច្ចរបស់ជនជាតិចិន និងខ្មែរ ដែលពុំមានលក្ខណៈប្រកួតប្រជែងនឹងគ្នា។ ជនជាតិចិនមានទេព្យកោសល្យ ពូកែខាងប្រកបជំនួញទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ ចំណែកជនជាតិខ្មែរចូលចិត្តប្រកបរបរកសិកម្ម និងនេសាទជាដើម។ សកម្មភាពចិញ្ចឹមជីវិតរបស់ជនជាតិទាំងពីរ ហាក់ដូចជាជួយបំពេញឲ្យគ្នាទៅវិញទៅមក ដោយពុំមានលក្ខណៈប្រកួតប្រជែងប្រឆាំងនឹងគ្នា នោះឡើយ៕