(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធនេះបានប្រកាសថា ខ្លួននឹងផ្ដល់ជំនួយច្រើនជាង ១លានដុល្លារ ដល់ប្រទេសដីកោះតុងហ្កា Tonga ដែលបាននិងកំពុងទទួលរងគ្រោះ ក្រោយការវាយប្រហារដោយរលកយក្សស៊ូណាមិ បង្កឡើងដោយការផ្ទុះភ្នំភ្លើង នៅក្រោមបាតសមុទ្រ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើតាមអនុប្រធានខុទ្ទការល័យនាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ូស៊ីហ៊ីកូ អ៊ីសូហ្សាគិ (Yoshihiko Isozaki) ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CGTN នៅល្ងាចថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

ការប្រកាសផ្ដល់ជំនួយរបស់ជប៉ុនធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលចិនកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក៏បានសន្យាបញ្ជូនជំនួយទៅកាន់ប្រទេសតុងហ្កាផងដែរ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) កញ្ចប់ជំនួយរបស់ចិនក្នុងនោះរួមមានទឹកស្អាត និងចំណីអាហារ រួមទាំងសម្ភារៈសំខាន់ៗជាច្រើនទៀត ដែលនឹងត្រូវបញ្ជូនទៅកាន់ប្រទេសតុងហ្កា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕