(ហាវ៉ាណា)៖ ទីភ្នាក់ងារសារព័ត៌មាន Prensa Latin ដែលមានមូលដ្ឋាននៅគុយបា បានរាយការណ៍កាលពីចុងសប្តាហ៍ថា សហរដ្ឋអាមេរិកបានមើលឃើញការបាញ់ប្រហារទ្រង់ទ្រាយធំរហូតដល់ ១៧លើក គិតត្រឹមថ្ងៃទី ១៥ខែមករា ក្នុងឆ្នាំថ្មីនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ដកស្រង់ទិន្នន័យពី Gun Violence Archive ដែលជាគេហទំព័រអាមេរិក តាមដាននិន្នាការនៃការបាញ់ប្រហារ ទីភ្នាក់ងារសារព័ត៌មាន Prensa Latin បានឲ្យដឹងថា «កាលពីឆ្នាំមុន មនុស្ស២០,៦៥៨នាក់ បានបាត់បង់ជីវិតនៅសហរដ្ឋអាមេរិកដោយសារតែការបាញ់ប្រហារទ្រង់ទ្រាយធំ ខណៈការបាញ់ប្រហារដ៏ធំចំនួន៦៩១លើកត្រូវបានកត់ត្រាទុក។

ទីភ្នាក់ងារនេះបានបន្ថែមថា ស្ថិតិផ្សេងទៀតបានបង្ហាញថាការស្លាប់ក្រោមករណីបែបនេះបានកើនឡើងច្រើនជាង២៤ភាគរយក្នុងឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។

គួរបញ្ជាក់ថា បច្ចុប្បន្នចំនួនអាវុធក្នុងទឹកដីសហរដ្ឋអាមេរិក មានច្រើនជាងចំនួនមនុស្សនៅក្នុងព្រំដែនភូមិសាស្ត្ររបស់ខ្លួនទៅទៀត៕