(ព្រុចសែល)៖ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ឬ NATO អាចនឹងបង្កើន ឬដាក់ពង្រាយកងទ័ពរបស់ខ្លួនបន្ថែមទៅកាន់តំបន់សមុទ្រខ្មៅ និងតំបន់បាល់ទិច ខណៈពួកគេកំពុងការពារខ្លួនពីការវាយប្រហារព័ត៌មានវិទ្យា ប្រសិនបើរុស្ស៊ីលើកទ័ពវាយលុកចូលអ៊ុយក្រែនមែននោះ។ នេះបើតាម ក្រុមមន្ត្រីអឺរ៉ុប។

បក្សសម្ពន្ធយោធា NATO មិនមានកាតព្វកិច្ចដែលមានចែងនៅក្នុងសន្ធិសញ្ញាណាមួយ ដើម្បីការពារអ៊ុយក្រែន ដែលមិនមែនជាសមាជិករបស់ខ្លួននោះទេ ដែលនេះធ្វើឱ្យការសម្រេចចិត្តចុងក្រោយអាចនឹងធ្លាក់ទៅលើសហភាពអឺរ៉ុប។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា កិច្ចចរចាតាមផ្លូវការទូតរវាងទីក្រុងម៉ូស្គូ និង NATO បានដើរដល់ «ផ្លូវទាល់ទៅហើយ» នៅក្នុងបរិបទដែលក្រុមអ្នកជំនាញមានការខ្វែងគំនិតគ្នាថាតើ រុស្ស៊ីពិតជានឹងបើកវាយប្រហារលើអ៊ុយក្រែន ដែរ ឬក៏យ៉ាងណា?

សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តអឺរ៉ុប បានចោទប្រកាន់ថារុស្ស៊ីបានប្រមូលផ្ដុំកងទ័ពជិត ១០០,០០០នាក់ ព្រមទាំងសព្វាវុធធុនធ្ងន់ជាច្រើនទៀតនៅក្បែរ តំបន់ព្រំដែនអ៊ុយក្រែន ហើយដែលសកម្មភាពយោធាបែបនេះត្រូវបានបណ្ដាប្រទេសលោកខាងលិចយល់ថាជាការត្រៀមខ្លួនលក្ខណៈធ្វើសង្រ្គាម ដើម្បីរារាំងកុំឱ្យអ៊ុយក្រែនចូលជាសមាជិក NATO។ តែរុស្ស៊ីបានច្រានចោទប្រកាន់បែបនេះដោយបញ្ជាក់ជាច្រើនលើកច្រើនសាថាខ្លួនគ្មានផែនការប្រើ កម្លាំងយោធាលើប្រទេសណាមួយឡើយ។

ពិតមែនទៅ ទោះជា NATO បានយល់ព្រមក្នុងកិច្ចប្រជុំនៅឯទីក្រុង ប៊ូឆារ៉េស (Bucharest) នៃប្រទេសរូម៉ានី កាលពីឆ្នាំ២០០៨ ថាអ៊ុយក្រែនអាចនឹង ក្លាយជាសមាជិក NATO នៅថ្ងៃណាមួយក៏ដោយ ប៉ុន្តែ ធាតុពិត បក្សសម្ពន្ធយោធាមួយនេះមិនមានកាតព្វកិច្ចអ្វីត្រូវតែការពារអ៊ុយក្រែននោះឡើយ ហើយសូម្បីតែប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានបញ្ជាក់រួចហើយដែរថាអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅជួយអ៊ុយក្រែនប្រយុទ្ធជាមួយ កងទ័ពរុស្ស៊ីនោះទេ។ ម្យ៉ាងវិញទៀត អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានលើកឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ថា «វាជារឿងសំខាន់បំផុតដែលត្រូវបែងចែកឱ្យច្បាស់រវាងសម្ពន្ធមិត្ត NATO និងអ៊ុយក្រែនដែលជាដៃគូ...អ៊ុយក្រែនគឺជាដៃគូដ៏មានតម្លៃ»។ ដូច្នេះ គេពិបាកស្មានខ្លាំងណាស់ថា NATO នឹងធ្វើបែបណា ប្រសិនបើរុស្ស៊ីវាយលុកចូលអ៊ុយក្រែន មែននោះ?

* NATO ផ្ដោតសំខាន់លើតំបន់បាល់ទិច

លោក ហាន់-ឡូថា ដុមរូសេ (Hans-Lothar Domroese) ជាឧត្តមសេនីយអាល្លឺម៉ង់ចូលនិវត្តន៍ម្នាក់បាននិយាយថាប្រសិនបើរុស្ស៊ីពិតជាវាយប្រហារ
លើអ៊ុយក្រែន NATO អាចនឹងប្រុងជើងការកម្រិតខ្ពស់។ លោកបញ្ជាក់ប្រាប់ Reuters ដូច្នេះថា « NATO អាចនឹងពង្រឹងវត្តមាន ឬដាក់ពង្រាយកងទ័ព បន្ថែមទៅកាន់ប្រទេសប៉ូឡូញ និងបណ្ដាប្រទេសក្នុងតំបន់បាល់ទិច ព្រមទាំងអាចនឹងដាក់កងទ័ពឱ្យឈរជើងនៅភាគអាគ្នេយ៍នៃតំបន់អឺរ៉ុប»។ នេះនឹងក្លាយជាការបង្ហាញពីការប្ដេជ្ញាចិត្តមួយការពារដែនដី NATO ហើយវាក៏សារមួយផ្ញើឱ្យរុស្ស៊ីផងដែរ។

ចាប់តាំងពីឆ្នាំ២០១៤មក, NATO បានផ្ដោតជាអាទិភាពលើការពង្រឹងវត្តមាននៅក្នុងតំបន់បាល់ទិច និងបានដាក់ពង្រាយកងពលយោធាចម្រុះជាតិ សាសន៍ចំនួន៤ ដឹកនំាដោយកាណាដា, អាល្លឺម៉ង់, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នៅក្នុងប្រទេសឡេតូនី, លីទុយអានី, អេស្ដូនី និងប៉ូឡូញ។

នាយករដ្ឋមន្ត្រីអេស្ដូនីបានប្រាប់ Reuters កាលពីសប្ដាហ៍មុនថា បណ្ដារដ្ឋក្នុងតំបន់បាល់ទិចបាន និងកំពុងពិភាក្សាជាមួយសម្ពន្ធមិត្តពាក់ព័ន្ធនឹង ការបង្កើនការដាក់ពង្រាយកម្លាំងយោធានៅលើទឹកដីរបស់ពួកគេ ហើយលោក Stoltenberg ក៏បានសង្កត់ធ្ងន់ដែរថា រាល់ការវាយប្រហាររបស់រុស្ស៊ីលើ អ៊ុយក្រែននឹងជំរុញឱ្យ NATO ធ្វើការសម្រេចចិត្តណាមួយ។ ដោយឡែក ដាណឺម៉ាកកាលពីសប្ដាហ៍មុន បានយល់ព្រមបញ្ជូនយន្ដហោះចម្បាំង F-16 ចំនួន៤គ្រឿងទៅកាន់ប្រទេសលីទុយអានី និងនាវាចម្បាំងមួយគ្រឿងដើម្បីជួយដល់ប្រតិបត្តិការល្បាតនៅតំបន់សមុទ្របាល់ទិច។

គួរបញ្ជាក់ថា បើតាមមន្ត្រី NATO ២រូប រដ្ឋមន្ត្រីការពារជាតិនៃបក្សសម្ពន្ធយោធាមួយនេះនឹងបើកកិច្ចពិភាក្សានៅខែកុម្ភៈខាងមុខ ដើម្បីជជែកគ្នាពីការបញ្ជូនកងទ័ព NATO បន្ថែមទៅកាន់ទីស្នាក់ការកងអង្គភាពចម្រុះជាតិសាសន៍របស់ខ្លួននៅក្នុងប្រទេសរូម៉ានី។ រូម៉ានីបានជំរុញឱ្យ NATO បង្កើនវត្តមាន កងទ័ពជើងទឹក និងនាវាចម្បាំងនៅក្នុងតំបន់សមុទ្រខ្មៅ ប៉ុន្តែប្រទេសប៊ុលហ្ការី នៅក្បែរខាង បារម្ភថាការធ្វើបែបនេះអាចនឹងធ្វើឱ្យរស្ស៊ីផ្ទុះកំហឹង៕

ប្រភព៖ Reuters (ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២)