(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថារដ្ឋបាលរបស់លោកកំពុងពិចារណាដាក់បញ្ចូលក្រុមចលនាហ៊ូទី ក្នុងប្រទេស យ៉េមែន ទៅក្នុងបញ្ជីអង្គការភេរវកម្មអន្តរជាតិឡើងវិញ បន្ទាប់ពីក្រុមមួយនេះចេញមុខទទួលខុសត្រូវលើការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីល លើប្រទេសអេមីរ៉ាតអារ៉ាប់រួម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។

ការអត្ថាធិប្បាយរបស់លោក ចូ បៃដិន ធ្វើឡើងនៅឯសន្និសីទសារព័ត៌មានមួយ នៅថ្ងៃពុធសប្ដាហ៍នេះ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីស្ថានទូត អេមីរ៉ាតអារ៉ាប់រួម បានបង្ហោះសារលើ Twitter ថាឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួម លោក យូសែហ្វ អាល់ អូតៃបា (Yousef Al Otaiba) បានជំរុញឱ្យ រដ្ឋបាលលោក បៃដិន ដាក់ បញ្ចូលក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ទៅក្នុងបញ្ជីខ្មៅនៃអង្គការភេរវកម្មអន្តរជាតិឡើងវិញ ជាការឆ្លើយតបទៅនឹងការវាយប្រហារ លើអាកាសយានដ្ឋាន អាប៊ូ ដាប៊ី (Abu Dhabi) និងដេប៉ូប្រេងឥន្ធនៈមួយកន្លែងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

នៅពេលត្រូវបានសាកសួរថាតើលោកនឹងបញ្ចូលក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ទៅក្នុងបញ្ជីខ្មៅនៃអង្គការភេរវកម្មអន្តរជាតិឡើងវិញដែរឬទេ? លោក បៃដិន បានឆ្លើយយ៉ាងខ្លីថា «ចម្លើយ កំពុងស្ថិតនៅក្រោមការពិចារណា»។ ក្រុមហ៊ូទី ត្រូវបានសហរដ្ឋអាមេរិក ដកចេញពីបញ្ជីអង្គការភេរវកម្មអន្តរជាតិ កាលពីឆ្នាំ២០២១។

គួរបញ្ជាក់ថា ការវាយប្រហារដោយយន្ដហោះដ្រូន និងមីស៊ីលរបស់ក្រុមហ៊ូទី លើអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះបានផ្ដាច់ ជីវិតមនុស្ស ៣នាក់។ ជាការឆ្លើយតប, ក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ បានបើកការវាយប្រហារតាមផ្លូវអាកាសលើ រដ្ឋធានីសាណាអា (Sanaa) គ្រប់គ្រងដោយក្រុមហ៊ូទី ដោយសម្លាប់មនុស្សយ៉ាងហោច ២០នាក់ ក្នុងនោះរួមមានទាំងជនស៊ីវិលផងដែរ៕