(កង់បេរ៉ា)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក Novavax នាថ្ងៃព្រហស្បតិ៍នេះ បានក្លាយជាវ៉ាក់សាំងទី៥ ដែលទទួលបានការអនុម័តឱ្យប្រើប្រាស់ នៅក្នុងប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។

កន្លងមក អូស្រ្តាលីបានបញ្ជាទិញវ៉ាក់សាំងចំនួន ៥១លានដូស ពីក្រុមហ៊ុន Novavax។ សម្រាប់បច្ចុប្បន្ន វ៉ាក់សាំងរបស់ក្រុមហ៊ុនដទៃទៀត ដូចជា Pfizer, AstraZeneca និង Moderna កំពុងត្រូវបានប្រើប្រាស់រួចជាស្រេច នៅក្នុងប្រទេសអូស្រ្តាលី។ ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson គឺក៏ត្រូវបានអនុម័តរួចហើយដែរ ប៉ុន្តែរដ្ឋាភិបាលអូស្រ្តាលីមិនបានទិញមកប្រើទេ។

វ៉ាក់សាំង Novavax នឹងត្រូវប្រើសម្រាប់ចាក់ឱ្យប្រជាជនអូស្រ្តាលី មានអាយុចាប់ពីឆ្នាំ១៨ឆ្នាំឡើងទៅ ដែលមិនទាន់បានចាក់វ៉ាក់សាំង ប៉ុន្តែវានឹងមិនត្រូវយកទៅប្រើជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយនោះឡើយ។ វ៉ាក់សាំងនេះ ត្រូវការចាក់២ដូស ក្នុងគម្លាតរយៈពេល៣សប្តាហ៍ពីគ្នា។

គួរបញ្ជាក់ថា មកទល់ពេលនេះ មនុស្សជាង២០លាននាក់ ដែលស្មើនឹងជិត៨០ភាគរយ នៃប្រជាជនអូស្រ្តាលីសរុបទាំង ២៦លាននាក់ ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់២ដូស ខណៈ៥.៣លាននាក់ បានចាក់ដូសជំរុញ៕