BREAKING: វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១៥,៩៣៥ករណី» ក្នុងនោះទីក្រុងហាណូយ ២,៨០៥ករណី ព្រមទាំងស្លាប់ថ្មី១៧៧នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

21-01-2022 18:53

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៥,៩៣៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៨០៥ ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន២២៧ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៩៦៤ករណី, ខេត្ត Hải Phòng ៦៨៥ ករណី និងខេត្ត Bến Tre ៦១៨ករណី។

ក្នុងរបាយការណ៍ថ្ងៃសុក្រនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១៧៧នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,១១០,៧៣៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៧៩៧,១៨០នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៦,៤៤៣នាក់៕