(វ៉ាស៊ីនតោន)៖ ចៅក្រមសហព័ន្ធអាមេរិកម្នាក់ នៅក្នុងរដ្ឋតិចសាស់ (Texas) នៅថ្ងៃសុក្រសប្ដាហ៍នេះបានចេញសេចក្ដីសម្រេចថាប្រធានាធិបតី លោក ចូ បៃដិន មិនអាចដាក់កាតព្វកិច្ចបង្ខំឱ្យបុគ្គលិកសហព័ន្ធចាក់វ៉ាក់សាំងបង្ការ COVID-19 បាននោះទេ ហើយក៏បានរារាំងរដ្ឋាភិបាលក្នុងការ ដាក់ពិន័យលើបុគ្គលិក ដែលមិនបានគោរពតាមបញ្ជាផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២។

លោក ចូ បៃដិន ធ្លាប់បានចេញបទបញ្ជាមួយដោយតម្រូវឱ្យបុគ្គលិកសហព័ន្ធ ៣.៥លាននាក់ ចាក់វ៉ាក់សាំងបង្ការ COVID-19 ឱ្យបានមុនថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ហើយអ្នកដែលមិនបានអនុវត្តតាមបទបញ្ជានេះអាចនឹងប្រឈមមុខនឹងការដាក់ពិន័យ ឬត្រូវបណ្ដេញចេញពី តួនាទី។

យ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងសំណួរថាតើលោក បៃដិន អាចដាក់កាតព្វកិច្ចបង្ខំឱ្យបុគ្គលិកសហព័ន្ធរាប់លាននាក់ ចាក់វ៉ាក់សាំងបង្ការដែរ ឬក៏យ៉ាងណា? ចៅក្រមនៃរដ្ឋតិចសាស់ លោក Jeffrey Brown បានបញ្ជាក់ថាលោក បៃដិនមិនអាចធ្វើបែបនេះបានឡើយ ហើយជំនួសមកវិញ រដ្ឋាភិបាលអាមេរិក គួរតែការពារសុខាភិបាលសាធារណៈដោយអនុវត្តវិធានការដែលមិនសូវមានលក្ខណៈចាប់បង្ខំ ក្នុងនោះរួមមានទាំងការពាក់ ម៉ាស និងវិធានការរក្សាគម្លាតសុវត្ថិភាព។

គួរបញ្ជាក់ថា កាលពីពាក់កណ្ដាលខែមករាកន្លងទៅនេះ តុលាការកំពូលអាមេរិក ក៏បានចេញសេចក្ដីសម្រេចរារាំងកាតព្វកិច្ចចាក់វ៉ាក់សាំង និងការធ្វើតេស្ដរក COVID-19 របស់លោក បៃដិនផងដែរ សម្រាប់បណ្ដាក្រុមហ៊ុនធំៗ។ តែបានអនុញ្ញាតឱ្យមានការអនុវត្តកាតព្វកិច្ចវ៉ាក់សាំងលើ បុគ្គលិកសុខាភិបាល។

ការសម្រេចបែបនេះបានជំរុញឱ្យក្រុមហ៊ុនអាមេរិកធំៗមួយចំនួន បោះបង់ចោលកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការលើបុគ្គលិករបស់ខ្លួន នៅចំពេល រដ្ឋបាលលោក បៃដិន កំពុងតស៊ូប្រយុទ្ធនឹងការកើនឡើងករណីឆ្លង COVID-19 ប្រចាំថ្ងៃឡើងវិញយ៉ាងគំហុកបង្កឡើងមេរោគបំប្លែងថ្មីអូមីក្រុង៕