(តៃប៉ិ)៖ កោះតៃវ៉ាន់បានអះអាងថា ក្បួនយន្តហោះចម្បាំងចិន ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ បានហោះចូលក្នុងមកក្នុង តំបន់ការពារដែនអាកាសរបស់ខ្លួន កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២។

យោធាកោះតៃវ៉ាន់បានឲ្យដឹងថា យន្តហោះចម្បាំងតៃវ៉ាន់ត្រូវបានបញ្ជូនភ្លាមៗ ដើម្បីព្រមានឲ្យក្បួនយន្តហោះចម្បាំងចិន ដែលមានយន្តហោះសរុប ៣៩គ្រឿងនោះ ចាកចេញពីតំបន់ការពារដែនអាកាសតៃវ៉ាន់វិញ។ តំបន់ការពារដែនអាកាស ដែលកោះតៃវ៉ាន់បានលើកឡើងនោះ គឺស្ថិតនៅពីលើប្រជុំកោះ ប្រាថាស់ (Pratas) ដែលគ្រប់គ្រងដោយតៃវ៉ាន់ ស្ថិតនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait)។

បើតាមប្រភពពីយោធាតៃវ៉ាន់ដដែល ក្បួនយន្តហោះចម្បាំងចិនខាងលើនេះរួមមាន យន្តហោះប្រយុទ្ធ (fighter) ចំនួន ៣៤គ្រឿង, យន្តហោះជំនួយ ៤គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក (bomber) ចំនួន ១គ្រឿង។ ក្បួនយន្តហោះចម្បាំងនេះ បានចល័តទៅចូលតំបន់ការពារដែនអាកាស ស្ថិតនៅភាគឦសាននៃកោះ Pratas។

គួរបញ្ជាក់ថា ប្រទេសចិនមិនទាន់បញ្ចេញប្រតិកម្មណាមួយ ជុំវិញការលើកឡើងដោយកោះតៃវ៉ាន់ខាងលើនេះឡើយ តែយ៉ាងណា កាលពីលើកមុនៗ ចិនបានអះអាងថា ការចល័តយន្តហោះចម្បាំង ឬសមយុទ្ធយោធាជាដើម សុទ្ធតែស្ថិតក្នុងគោលដៅការពារ ដែនអធិបតេយ្យរបស់ចិន៕