(ប៉េកាំង)៖ ឆ្នាំ២០២១ គឺជាឆ្នាំដ៏មានអត្ថន័យ ជានិមិត្តសញ្ញាសម្រាប់ប្រទេសចិន ហើយ «តារាងពិន្ទុ» ផ្នែកសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ចិន ក៏កាន់តែក្លាយជាការបកស្រាយ ដែលមានសារសំខាន់ផងដែរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ ទំហំសេដ្ឋកិច្ចសរុបរបស់ចិនមានចំនួនលើសពី ១១០ ទ្រីលានយាន់ប្រាក់ចិន គឺដល់ទៅ ១១៤.៤ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៨.១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២០។ ផលិតផលក្នុងស្រុកសរុបគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានឡើងដល់ ៨ ម៉ឺន ៩ រយ ៧៦ យាន់ប្រាក់ចិន បើគិតតាមអត្រាប្តូរប្រាក់គិតជាមធ្យមប្រចាំឆ្នាំ បានលើសពី ១ ម៉ឺន ២ ពាន់ដុល្លារអាមេរិក ។ល។ ការទទួលបានសមិទ្ធផលបែបនេះគឺ ខ្ពស់ជាងគោលដៅដែលបានកំណត់នៅដើមឆ្នាំ ២០២១ ហើយក៏បានលើសពីការប៉ាន់ប្រមាណជាទូទៅរបស់គ្រឹះស្ថានសេដ្ឋកិច្ចនានាផងដែរ។

ដោយឡែកនាពេលបច្ចុប្បន្ន ដែលសេដ្ឋកិច្ចសកលកំពុងខិតខំប្រែពីការធ្លាក់ចុះយ៉ាងខ្លាំង ទៅជាការងើបឡើងវិញជាបណ្តើរៗ «ភាពធន់យ៉ាងខ្លាំងក្លា» នៃសេដ្ឋកិច្ចចិនដែលបានបង្ហាញទៅកាន់ពិភពលោកអាចបញ្ជាក់ពី «ការបោះជំហានកាន់តែរឹងមាំ ទើបអាចធ្វើដំណើរបានកាន់តែឆ្ងាយ»។ ដោយសារតែការផ្តោតសំខាន់លើសំបកក្រៅនៃទិន្នន័យ ធ្វើបទបង្ហាញនិងការវិភាគចំពោះតក្កវិទ្យាដែល «ខ្ពស់ជាងគោលដៅដែលបានកំណត់ជាមុន» ព្រមទាំងបូកសរុបមូលហេតុដែល «លើសពីការប៉ាន់ប្រមាណ» បានជាសមិទ្ធផលផ្នែកសេដ្ឋកិច្ច ដ៏ល្អប្រសើររបស់ចិនក្នុងឆ្នាំ ២០២១ បានបន្សល់ទុកនូវការបំផុសគំនិត យ៉ាងជ្រាលជ្រៅសម្រាប់ពេលអនាគត។

សមិទ្ធផលគួរឱ្យកត់សម្គាល់នេះបានមកដោយមិនងាយនោះទេ។ ក្នុងរយៈពេលជាង ២ ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចចិនបានទប់ទល់ដោយមានប្រសិទ្ធភាព នូវកម្លាំងសម្ពាធដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយបានបង្ហាញពីភាពធន់យ៉ាងខ្លាំងដែលបានបញ្ជាក់ថា និន្នាការល្អប្រសើរជាទូទៅក្នុងរយៈពេលយូរមិនផ្លាស់ប្ដូរឡើយ។

ពីទំហំសេដ្ឋកិច្ចសរុបរបស់ចិនមានចំនួនលើសពី ១០១ទ្រីលានយាន់ប្រាក់ចិនដល់ ១១៤ ទ្រីលានយាន់ប្រាក់ចិន កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២១ របស់ចិនប្រហែលឡើងដល់ ១៣ទ្រីលានយាន់ប្រាក់ចិនដែលស្មើនឹង ២ទ្រីលានដុល្លារអាមេរិក ពោលគឺ ស្មើនឹងទំហំសេដ្ឋកិច្ចសរុបក្នុងមួយឆ្នាំ របស់តួអង្គសេដ្ឋកិច្ចដ៏សំខាន់ធំបង្គួរមួយនៅលើពិភពលោក ដែលមានន័យថា កម្លាំងជាតិចម្រុះ សមត្ថភាពផលិតកម្មសង្គម និងកម្រិតជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសចិន ត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ហើយវាក៏មានសេចក្តីថា ការអភិវឌ្ឍរបស់ប្រទេសចិនមានមូលដ្ឋានគ្រឹះកាន់តែរឹងមាំ លក្ខណសម្បត្តិកាន់តែល្អប្រសើរ និងកម្លាំងចលករកាន់តែខ្លាំងក្លា ព្រមពេលជាមួយគ្នានេះ ក៏បានរួមចំណែកកម្លាំងរបស់ចិន សម្រាប់ការអភិវឌ្ឍជាសកលផងដែរ។

សមិទ្ធផលអភិវឌ្ឍន៍ដែលចិនទទួលបានក្នុងរយៈពេលមួយឆ្នាំកន្លងមក សុទ្ធតែបានពង្រឹងនូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំដើម្បីសម្រេចគោលដៅនានាតាមពេលកំណត់ ។ ដោយឡែកអាស្រ័យលើមូលដ្ឋានគ្រឹះដ៏រឹងមាំបែបនេះ និន្នាការដ៏ល្អប្រសើរជាទូទៅក្នុងរយៈពេលយូររបស់សេដ្ឋកិច្ចចិន មានភាពកាន់តែខ្លាំងក្លា ហើយសមត្ថភាពទប់ទល់នឹងការប្រឈមនិងហានិភ័យគ្រប់បែបយ៉ាង មានភាពជឿជាក់កាន់តែប្រសើរឡើងៗ។

គួររំលឹកថា នាពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានចេញផ្សាយអត្ថបទដោយលើកឡើងថា «ការបណ្តាក់ទុនមានហានិភ័យរបស់ចិនក្នុងឆ្នាំ ២០២១ បានឡើងដល់ ១ សែន ៣ ម៉ឺន ៦ រយលានដុល្លារអាមេរិកដែលបានបំបែកកំណត់ត្រាខ្ពស់ថ្មី ពោលគឺ កើនឡើងប្រហែល ៥០ ភាគរយបើប្រៀបធៀបនឹងទំហំទឹកប្រាក់ចំនួន ៨ ម៉ឺន ៦ ពាន់ ៧ រយលានដុល្លារអាមេរិកកាលពីឆ្នាំ ២០២០»

សមិទ្ធិផលដ៏មហិមាដែលប្រទេសចិនសម្រេចបាន មិនដែលពឹងផ្អែកលើភាពចៃដន្យឬព្រេងសំណាងនោះទេ តែគឺពឹងផ្អែកលើបក្សកុម្មុយនិស្តចិនដែលជាស្នូលសម្រាប់ប្រមូលផ្តុំកម្លាំងកាយចិត្តនិងគំនិតសេដ្ឋកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping ដែលជាត្រីវិស័យសម្រាប់ចង្អុលបង្ហាញទិសដៅ។

ឆ្នាំ ២០២២ ប្រទេសចិនបានត្រៀមលក្ខណៈរួចហើយ។ យើងមុខជានឹងជំរុញសេដ្ឋកិច្ចចិនឱ្យដណ្តើមបានសិទ្ធិម្ចាស់ការ ឧត្តមភាពនិងអនាគតដ៏ភ្លឺស្វាងក្នុងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ជាក់ជាមិនខាន!៕ (#CCFR Comment#)