(ការ៉ាកាស់)៖ ការស្ម័គ្រចិត្តបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងរដ្ឋាភិបាលនៃប្រទេសវេណស៊ុយអេឡា អាចនឹងមានការប្រែប្រួល ប្រសិនបើគណបក្សកាន់អំណាច មិនព្រមត្រឡប់មករកតុចរចាជាមួយគណបក្សប្រឆាំងវិញទេនោះ។ នេះបើតាមលោក ហ័ន ហ្កៃដូ (Juan Guaido) ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

កាលពីខែតុលា ឆ្នាំ២០២១កន្លងទៅ ក្រុមប្រតិភូមកពីរដ្ឋាភិបាលដឹកនាំដោយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានសម្រេចចិត្ត ដើរចេញពីតុចរចា បន្ទាប់ពីមនុស្សជំនិតម្នាក់របស់លោក ម៉ាឌូរ៉ូ គឺលោក អាឡិច សាអាប់ (Alex Saab) ត្រូវបានអាជ្ញាធរនៃប្រទេសកាប៉េ វែរដេ (Cape Verde) ធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកពីបទលាងលុយកខ្វក់។

គណបក្សប្រឆំាងបានស្នើម្ដងហើយម្ដងទៀតឱ្យរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ ត្រឡប់មករកតុវិញ ដោយមិនទាន់មានចម្លើយតបទេ ខណៈអាមេរិក បង្ហាញពីចេតនាបន្ធូរបន្ថយទណ្ឌកម្ម ប្រសិនបើមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងប្រទេសវេណេស៊ុយអេឡា តែព្រមពេលជាមួយគ្នា ទណ្ឌកម្មបន្ថែម ក៏កំពុងស្ថិតនៅក្រោមការពិចារណាដែរ។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ មេដឹកនាំគណបក្សប្រឆាំង លោក ហ័ន ហ្កៃដូ បានបញ្ជាក់ដូច្នេះថា «ប្រសិន បើពួកគេ (រដ្ឋាភិបាល) មិនព្រមអង្គុយចរចាសាជាថ្មី នោះការស្ម័គ្រចិត្តបន្ធូរបន្ថយទណ្ឌកម្មអាចនឹងមានការកែប្រែ ក្នុងនោះរួមមានទាំងការបន្ថែមការ ដាក់ទណ្ឌកម្ម នៅក្នុងករណីដែលមិនមានដំណោះស្រាយនយោបាយណាកើតឡើងទេនោះ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់លោក ហ័ន ហ្កៃដូ ជាមេដឹកនាំស្របច្បាប់នៃប្រទេសវេណេស៊ុយអេឡា កាលពីឆ្នាំ២០១៩ ដោយចោទប្រកាន់ថាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៨៕