(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៤៦៥,១៥៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,១៩៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧២,៩៥៨,៦៩០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៩១,៥៩៥នាក់ និងជាសះស្បើយឡើងសរុបជាង ៤៤.៨២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

លទ្ធផលផលសិក្សាថ្មីៗចំនួន ៣ នៅសហរដ្ឋអាមេរិកបានបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA អាចការពារអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) មិនឲ្យធ្លាក់ខ្លួនឈឺដល់ថ្នាក់ចូលសម្រាកក្នុងមន្ទីរពេទ្យ បានរហូតដល់ទៅ ៩០% ឯណោះ។ បច្ចុប្បន្ននេះ ករណីឆ្លងវីរុស Omicron បានរ៉ាប់រងរហូតដល់ទៅ ៩៩% នៃចំនួនករណីឆ្លង COVID-19 សរុប នៅទូទាំងសហរដ្ឋអាមេរិកទៅហើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៣៥លានដូស ក្នុងនោះប្រជាជន ២៥០.៧៦លាននាក់ (៧៦.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៩.៦លាននាក់ (៦៣.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៨៣.៧៩លាននាក់ (២៥.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕