(រីយ៉ាដ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសថៃ បានព្រមព្រៀងគ្នាស្តារទំនាក់ទំនងការទូតឱ្យឡើងដល់កម្រិត «ឯកអគ្គរាជទូត» ដូចដើមវិញ កំលុងជំនួបជាន់ខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរ គិតចាប់ពីតែពីបញ្ហាជម្លោះ ជុំវិញករណីលួចគ្រឿងអលង្ការមួយ ដែលបានកើតឡើងកាលពីជិត ៣ទសវត្សរ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

ក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ព្រះអង្គម្ចាស់ស្នងរាជ្យអារ៉ាប៊ីសាអូឌីត ម៉ូហាម៉ាត់ ប៊ីន សាល់ម៉ាន់ និងនាយករដ្ឋមន្រី្តថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែលទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត បានឯកភាពគ្នាតែងតាំងឯកអគ្គរាជទូតតំណាងប្រទេសរៀងៗខ្លួនឡើងវិញ នៅពេលអនាគតដ៏ខ្លីខាងមុខ ហើយថែមទាំងនឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត បានសម្រេចបន្ថយកម្រិតទំនាក់ទំនងការទូតជាមួយទីក្រុងបាងកក បន្ទាប់ពីទំនាស់ការទូតបានផ្ទុះឡើង ជុំវិញករណីលួចត្បូងពេជ្រមួយ ដែលសរុបជាទឹកប្រាក់ស្មើនឹងខ្ទង់២០លានដុល្លារអាមេរិក កាលពីឆ្នាំ១៩៨៩ ដោយជនជាតិថៃម្នាក់ ដែលធ្វើការនៅក្នុងព្រះរាជតំណាក់របស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតមួយអង្គ។ ១ឆ្នាំក្រោយមកទៀត មន្រ្តីការទូតអារ៉ាប៊ីសាអូឌីត៣នាក់ នៅក្នុងប្រទេសថៃ ក៏ត្រូវបានគេសម្លាប់ក្នុងករណីឃាតកម្ម៣ករណី ដាច់ដោយឡែកពីគ្នា ក្នុងពេលត្រឹមតែ១យប់៕