សិង្ហបុរីណែនាំប្រជាជន មិនឲ្យធ្វើដំណើរទៅអ៊ុយក្រែន ចំពោះមុខស្ថានការណ៍ កាន់តែផុយស្រួយ
26-01-2022 17:30
(សិង្ហបុរី)៖ ក្រសួងការបរទេសសិង្ហបុរី បានចេញសេចក្តីណែនាំកម្រិតខ្ពស់មួយ មិនឲ្យប្រជាជនរបស់ខ្លួន ធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែននោះឡើយ ខណៈស្ថានការណ៍នៅទីនោះ កំពុងតែតានតឹងខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍ ចេញពីក្រសួងការបរទេសសិង្ហបុរី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានការណ៍បច្ចុប្បន្ននេះ គឺកំពុងស្ថិតនៅក្នុងការកើនឡើងនូវភាពតានតឹង ទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងតំបន់ជុំវិញ»។ ក្រសួងការបរទេសសិង្ហបុរី ក៏បានណែនាំយ៉ាងម៉ឺងម៉ាត់ផងដែរ ឲ្យពលរដ្ឋរបស់ខ្លួន ដែលកំពុងស្នាក់នៅប្រទេសអ៊ុយក្រែនស្រាប់ ត្រូវរក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់ និងតាមដានព័ត៌មានស្តីពីការវិវឌ្ឍស្ថានការណ៍ ឲ្យបានដិតដល់ជាប្រចាំ។
គួរបញ្ជាក់ថា ប្រទេសសិង្ហបុរីមិនមានបេសកកម្មការទូត នៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ ហេតុដូច្នេះការជូនដំណឹងខាងលើនេះ គឺស្ថិតក្នុងគោលដៅក្រើនរំលឹក ឲ្យពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅទីនោះ ព្យាយាមរក្សាសន្តិសុខដោយខ្លួនឯង។
ក្រុមប្រទេសលោកខាងលិច បានព្រមានចាប់តាំងពីចុងឆ្នាំ ២០២១ មកម្ល៉េះថា រុស្ស៊ីអាចនឹងវាយប្រហារអ៊ុយក្រែន ដោយសារកងទ័ពរាប់សែននាក់ និងសព្វាវុធធុនធ្ងន់ផងដែរ ត្រូវបានដាក់ពង្រាយ នៅក្បែរព្រំដែនអ៊ុយក្រែនរួចជាស្រេចទៅហើយ បើទោះបីជារុស្ស៊ីបានបកស្រាយតបវិញជាច្រើនលើកថា ខ្លួនត្រឹមប្រមូលផ្តុំទ័ព និងសព្វាវុធ ដើម្បីការពារសុវត្ថិភាពខ្លួនឯងក្តី៕