(យ៉ាវ៉ូរីវ)៖ កងទ័ពអ៊ុយក្រែននៅថ្ងៃសុក្រសប្តាហ៍នេះ បានធ្វើការហ្វឹកហ្វឺនជំនាញពិសេសៗ ក្នុងនោះមានទាំងការធ្វើប្រតិបត្តិការ ក្នុងស្ថានភាពមានព្រិលទឹកកក ធ្លាក់យ៉ាងក្រាស់ឃ្មឹក និងការបង្កើនសមត្ថភាពប្រើប្រាស់ កាំភ្លើងប្រឆាំងនឹងរថក្រោះ ព្រមទាំងសព្វាវុធថ្មីៗមួយចំនួនទៀត ដែលត្រូវបានឧបត្ថម្ភដោយអង់គ្លេសផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។

សកម្មភាពហ្វឹកហ្វឺនខាងលើនេះ បានកើតមានឡើង ខណៈដែលភាពតានតឹងរវាង អ៊ុយក្រែន និងរុស្ស៊ី កាន់តែបន្តកើនឡើង ដោយសារតែកងទ័ពរុស្ស៊ី ១០០,០០០នាក់ អមដោយសព្វាវុធធុនធ្ងន់ជាច្រើនទៀត ត្រូវបានដាក់ពង្រាយនៅក្បែរព្រំដែន ប្រទេសអ៊ុយក្រែនរួចជាស្រេច។ រុស្ស៊ីកាលពីថ្ងៃសុក្រម្សិលមិញនេះ ក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិកបានបដិសេធ ចំពោះការទាមទារពីសំណាក់ទីក្រុងម៉ូស្គូ ឲ្យធានាសន្តិសុខដល់ខ្លួន តាមរយៈការសន្យាបិទខ្ទប់អ៊ុយក្រែន មិនឲ្យក្លាយជាសមាជិកមួយរបស់អង្គការ NATO ជាដាច់ខាត។

គួរបញ្ជាក់ថា សម្រាប់ចក្រភពអង់គ្លេស ដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិកនៅអឺរ៉ុប បានប្រកាសរួចមកហើយ កាលពីដើមខែមករានេះថា ខ្លួននឹងផ្តល់ឲ្យប្រទេសអ៊ុយក្រែន នូវប្រព័ន្ធអាវុធប្រឆាំងរថក្រោះ និងកងទ័ពដើម្បីហ្វឹកហ្វឺនជំនាញ លើការប្រើប្រាស់អាវុធទាំងអស់នេះផងដែរ។ បើតាមមន្ត្រីយោធាអ៊ុយក្រែន អាវុធដែលអង់គ្លេសបានប្រគល់ឲ្យខ្លួននេះ មានសមត្ថភាពខ្ពស់បំផុត ក្នុងការកម្ទេចរថពាសដែករបស់សត្រូវ៕