(ប៉េកាំង)៖ តាមការបង្ហើយពីឥស្សរជន មានប្រភពព័ត៌មានបានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងគិតពិចារណាពីការផ្តល់សិទ្ធិដល់ មន្ត្រីការទូតនៃស្ថានទូតអាមេរិក ប្រចាំនៅប្រទេសចិន ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ឱ្យជម្លៀសចេញពីប្រទេសចិន មូលហេតុរបស់អាមេរិក គឺ គោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ប្រទេសចិនមានភាពតឹងរ៉ឹងយ៉ាងខ្លាំង។ រយៈពេលមិនដល់ ១០ ថ្ងៃខាងមុខ ពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងប្រារព្ធឡើង អ្នកនយោបាយអាមេរិកមួយចំនួន បានលេងកលល្បិចខាងនយោបាយបែបនេះ គឺចង់លាបពណ៌ទៅលើគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ប្រទេសចិន ក៏ដូចជាបង្ករឿងហេតុ ដល់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងញុះញង់ឱ្យបង្កការបដិបក្ខគ្នា និងបែកបាក់គ្នាថែមមួយកម្រិតទៀត។

រឿងមួយចំនួននេះបានធ្វើឱ្យពិភពលោក មើលឃើញកាន់តែច្បាស់ថែមទៀតថា អ្នកនយោបាយអាមេរិកមួយចំនួន កំពុងឆ្លៀតប្រើមធ្យោបាយគ្រប់បែបយ៉ាងដើម្បី «បង្ករឿងហេតុ» ដល់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក៏ដូចជាបំពានយ៉ាងធ្ងន់ធ្ងរលើស្មារតីអូឡាំពិក និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់បរិយាកាសសាមគ្គី និងសហប្រតិបត្តិការលើឆាកអន្តរជាតិ។

«ភាពសាមញ្ញ សុវត្ថិភាពនិងភាពអស្ចារ្យ» នេះគឺជាពាក្យសន្យាដែលប្រទេសចិន បានធ្វើចំពោះពិភពលោកក្នុងការរៀបចំការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ គួរបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង មិនត្រឹមតែជាវេទិកាសម្រាប់ការប្រកួត ប្រកបដោយភាពយុត្តិធម៌របស់អត្តពលិក មកពីបណ្តាប្រទេសនានាប៉ុណ្ណោះទេ ថែមទាំងក៏ជានិមិត្តរូបនៃសាមគ្គីភាព និងមិត្តភាពរបស់មនុស្សជាតិផងដែរ ប៉ុន្តែមិនមែនជាឆាកសម្តែង របស់អ្នកនយោបាយអាមេរិកជាដាច់ខាត។ នាពេលបច្ចុប្បន្ននេះ លោក Thomas Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ បានធ្វើដំណើរទៅដល់ប្រទេសចិនហើយ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំនៃប្រទេសជាច្រើន ក្នុងនោះបូករួមទាំង លោក ភូទីន ប្រធានាធិបតីរុស្ស៊ី ប្រធានាធិបតីប៉ូឡូញ ប្រធានាធិបតីអាហ្សង់ទីន និងប្រមុខរដ្ឋនៃប្រទេស ៥ នៅអាស៊ីកណ្តាលជាដើមសុទ្ធតែបានប្រកាសថា នឹងចូលរួមពិធីបើកការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង តបតាមការអញ្ជើញ។ ហើយប្រទេសជាច្រើន ដូចជា កូរ៉េខាងត្បូង អាហ្វ្រិកខាងត្បូង និងវ៉េណេស៊ុយអេឡាជាដើម បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង តាមរបៀបផ្សេងៗគ្នា។ វាច្បាស់ណាស់ថា មិនថាអ្នកនយោបាយអាមេរិកមួយចំនួន ចង់បង្ករឿងហេតុយ៉ាងណាក៏ដោយ ក៏ហាក់ដូចជាយកដៃទៅទប់នឹងឡាន គឺប្រាកដជានឹងទទួលបរាជ័យជាក់ជាមិនខាន ហើយក៏មិនអាចប៉ះពាល់ដល់ការគាំទ្រយ៉ាងពេញទំហឹង និងការរំពឹងទុកយ៉ាងរាក់ទាក់កក់ក្តៅ របស់សហគមន៍អន្តរជាតិ ចំពោះការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំងនោះឡើយ។

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា លោក R.Nicholas Burns ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិនថ្មី បានធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែង នៅថ្ងៃទី ២៥ ខែមករា តាមម៉ោងក្នុងតំបន់។ សហរដ្ឋអាមេរិកគួរតែឆ្លៀតឱកាសនេះ ដើម្បីនាំមកនូវថាមពលវិជ្ជមាន ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាមេរិក តែគឺមិនមែនប្រព្រឹត្តទៅផ្ទុយពីនេះទេ។ ចិនរំពឹងថា អាមេរិកអាចគោរព និងសហការតាមវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ប្រទេសចិន គិតពិចារណាដោយមធ្យ័តនូវអ្វីដែលហៅថា «ការផ្តល់សិទ្ធិដល់មន្ត្រីការទូត និងបុគ្គលិកកុងស៊ុលរបស់អាមេរិក ឱ្យជម្លៀសចេញពីប្រទេសចិន ក៏ដូចជាបញ្ឈប់រាល់ទង្វើទាំងអស់ ដែលធ្វើឱ្យកិច្ចការកីឡាទៅជាបញ្ហានយោបាយ និងកុំនាំឱ្យខ្លួនឈរនៅប៉ែកម្ខាង ដែលប្រឈមមុខនឹងសហគមន៍អន្តរជាតិ ហើយចៀសវាងកុំឱ្យក្លាយជាប្រទេស ដែលគួរឱ្យអស់សំណើចនៅទូទាំងពិភពលោក!៕ (#CCFR Comment#)