(បាងកក)៖ ឆ្នេរមួយកន្លែងនៅភាគខាងកើតប្រទេសថៃ ត្រូវបានប្រកាសជាកន្លែងរងគ្រោះនាថ្ងៃសៅរ៍នេះ ខណៈប្រេងដែលលេចធ្លាយចេញពី បណ្តោញបំពង់ប្រេងក្រោមបាតសមុទ្រ នៅតំបន់ឈូងសមុទ្រថៃ បានហូរទៅដល់លើឆ្នេរ ហើយធ្វើឱ្យទឹកនិងខ្សាច់ប្រែទៅជាពណ៌ខ្មៅ។ នេះបើ តាម ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។

ការលេចធ្លាយបំពង់ប្រេងរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ Star Petroleum Refining ហៅកាត់ SPRC បានចាប់ផ្តើមឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយត្រូវគេគ្រប់គ្រងទៅវិញបាននៅមួយថ្ងៃក្រោយមក បន្ទាប់ពីប្រេងសរុបប្រហែល៥០,០០០លីត្រ បានហៀរចេញទៅក្នុងផ្ទៃសមុទ្រ នៅចម្ងាយប្រមាណជា២០គីឡូម៉ែត្រ ពីបណ្តោយឆ្នេរភាគខាងកើតរបស់ប្រទេសថៃ។

គួរបញ្ជាក់ថា ប្រេងមួយចំនួនបានហូរទៅដល់ឆ្នេរ ម៉ែរ៉ាំភឿង (Mae Ramphueng) ដែលស្ថិតក្នុងខេត្តរ៉ាយ៉ង (Rayong) កាលពីយប់ថ្ងៃសុក្រម្សិលមិញ ក្រោយវាលាតសន្ធឹងលើផ្ទៃទឹក៤៧គីឡូម៉ែត្រ នៅឈូងសមុទ្រថៃ។ បុគ្គលិកក្រុមហ៊ុន SPRC ប្រហែល១៥០នាក់ និងបុគ្គលិកកងទ័ពជើងទឹកថៃ២០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីសំអាតឆ្នេរសមុទ្រដែលរងការប៉ះពាល់៕