(កៀវ)៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស់ស្ទីន ឌ្រូដូ (Justin Trudeau) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា លោក វ្ល៉ាឌីមៀ ពូទីន គឺជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាម ខណៈលោកបានប្រកាសកញ្ចប់ជំនួយយោធាថ្មីសម្រាប់ទីក្រុងកៀវ និងទណ្ឌកម្មលើរុស្ស៉ី។ នេះ បើយោងតាមការដកស្រង់ផ្សាយពីសារព័ត៌មាន Al-Jazeera នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

ថ្លែងក្នុងសន្នសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) លោក ឌ្រូដូ បានគូសបញ្ជាក់ថា «វាច្បាស់ណាស់ថា លោក ពូទីនត្រូវតែទទួលខុសចំពោះឧក្រិដ្ឋកម្មសង្រ្គាម ដែលយើងបានមើលឃើញជាក់ស្តែងនូវភាពឃោរឃៅ នៃសង្រ្គាមខុសច្បាប់ ដែលបង្កឡើងដោយរុស្ស៉ី»។ លោកបន្ថែមថា «ថ្ងៃនេះ ខ្ញុំសូមប្រកាសអំពីជំនួយយោធាបន្ថែមទៀត ដែលរួមមាន យន្តហោះឈ្លបយកការណ៍, ប្រព័ន្ធចាប់យករូបភាព, អាវុធធុនតូច, គ្រាប់រំសេវ និងជំនួយផ្សេងៗទៀត ក៏ដូចជាថវិការសម្រាប់ប្រតិបត្តិការដោះមីន»

បន្ថែមពីលើនេះ លោក ឌ្រូដូ ក៏បានប្រកាសអំពីការដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៉ី ចំនួន៤០នាក់ និងអង្គភាពចំនួន៥ ដែលមានមន្រ្តី ឬសហការីដែលមាន ទំនាក់ទំនងជាមួយវិស័យការពារជាតិរបស់រុស្ស៉ី។

គួរបញ្ជាក់ថា ក្រៅពីកញ្ចប់ជំនួយយោធា កាណាដា នឹងផ្តល់ថវិកាចំនួន ២៥លានដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោករបស់ អង្គការសហប្រជាជាតិ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាប្រព័ន្ធសន្តិសុខស្បៀង និងដកពន្ធលើការនាំចេញរបស់អ៊ុយក្រែន សម្រាប់ឆ្នាំក្រោយផងដែរ៕