(កៀវ)៖ ក្រុមអ្នកប្រយុទ្ធនៃកងវរសេនាតូច «អាហ្សូវ (Azov)» នៅអ៊ុយក្រែន ដែលត្រូវរុស្ស៉ីចោទថា ជាពួកណាហ្ស៉ីសម័យទំនើប បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នៅក្នុងកំលុងពេលសន្និសីទសារព័ត៌មានមួយ តាមរយៈវីដេអូមួយថា កងកម្លាំងអ៊ុយក្រែនដែលកំពុងសំងំ នៅក្នុងរោងចក្រដែកថែប អាហ្សូវស្តល់ (Azovstal) ស្ថិតក្នុងទីក្រុងម៉ារីយូប៉ូល (Mariupol) គ្មានគម្រោងក្នុងការទម្លាក់អាវុធចុះចាញ់ឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

បុរសម្នាក់ឈ្មោះ អ៉ីលយ៉ា សាម៉ូលេនកូ (Ilya Samoylenko) ដែលជាអ្នកប្រយុទ្ធនៃក្រុម Azov និងជាមន្ត្រីចារកម្មយោធាអ៊ុយក្រែន បានហៅជម្រើសនៃការទម្លាក់អាវុធចុះចាញ់នេះថា «មិនអាចទទួលយកបាន» ដោយបន្ថែមថា វានឹងក្លាយជា «អំណោយសម្រាប់សត្រូវ» ដោយសំដៅទៅលើកងទ័ពរុស្ស៊ី និងកងជីវពលនៃតំបន់ដុនបាស់ (Donbass) ដែលបានវាយដណ្ដើមគ្រប់គ្រងភាគច្រើននៃទីក្រុង Mariupol។

លោក ស្វៀតូស្លេវ ប៉ាឡាម៉ា (Sviatoslav Palamar) មេបញ្ជាការរងនៃក្រុម Azov ក៏បានសង្កត់ធ្ងន់ថា «យើងនឹងបន្តប្រយុទ្ធដរាបណាយើង នៅមានជីវិត»។ លោក Samoylenko បានគូសបញ្ជាក់ថា ការជម្លៀសកងកម្លាំងអ៊ុយក្រែនចេញពីបរិវេណនៃរោងចក្រ Azovstal គឺជាជម្រើសតែមួយគត់ដែលអាចធ្វើទៅបាន និងបានទាមទារឱ្យទីក្រុងកៀវ (Kiev) ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីជួយសម្រួលដល់បញ្ហានេះ។

លោក Samoylenko បានបន្ថែមថា កងកម្លាំងដែលប្រមូលផ្តុំនៅរោងចក្រ Azovstal បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកជំនួយពី «ប្រជាជាតិទាំងអស់» លើកលែងតែប្រទេសរុស្ស៉ី និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះ។ លោក Samoylenko បានសារភាពថា ក្រុមអ្នកប្រយុទ្ធនៅរោងចក្រ Azovstal បានចំណាយធនធានទាំងអស់ ដែលត្រូវការសម្រាប់ការការពារ ប្រកបដោយប្រសិទ្ធភាពហើយ។ កងកម្លាំងអ៊ុយក្រែននៅតែមានស្បៀងអាហារ ទឹក និងអាវុធ ប៉ុន្តែធនធានរបស់ពួកគេនៅ «មានកម្រិត» នៅឡើយ។ លោក Samoylenko ក៏បានសារភាពទៀតថា នៅមានទាហាន «រាប់រយនាក់» រងរបួសនៅឯរោងចក្រនេះ ហើយបានអំពាវនាវឱ្យទីក្រុង Kiev ជម្លៀសពួកគេចេញ រួមជាមួយនឹងក្រុមគ្រូពេទ្យទៅតាមពួកគេផងដែរ។

គួរបញ្ជាក់ថា សម្ដីរបស់លោក Samoylenko បានកើតឡើងមួយថ្ងៃ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី អ៉ីរីណា វេរេសឈុក (Irina Vereschuk) បានប្រកាសថា ស្ត្រី កុមារ និងជនស៉ីវិលវ័យចំណាស់ទាំងអស់ ដែលជាប់នៅក្នុងបរិវេណរោងចក្រ Azovstal ក្នុងទីក្រុង Mariupol ត្រូវបានជម្លៀសចេញ។ បើតាមអង្គការសហប្រជាជាតិ មនុស្ស៥០០នាក់ ត្រូវបានជម្លៀសចេញពីទីនោះ នៅយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រសប្ដាហ៍មុន៕