(តៃប៉ិ)៖ អគារនៅទីក្រុងតៃប៉ិ បានទទួលរងការញ័ររញ្ជួយមួយសន្ទុះ នៅថ្ងៃចន្ទនេះ ស្របពេលដែលគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារក្បែរឆ្នេរភាគខាងកើតនៃកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

ទីភ្នាក់ងារឧតុនិយមកោះតៃវ៉ាន់បានឱ្យដឹងថា គ្រោះរញ្ជួយផែនដីខាងលើ មានជម្រៅ២៧.៥គីឡូម៉ែត្រ ក្រោមបាតសមុទ្រ ខណៈចំណុចរំញ័ររបស់វា ស្ថិតនៅចន្លោះឆ្នេរនៃស្រុក ហ័រលៀន (Hualien) ភាគខាងកើតតៃវ៉ាន់ ហើយនិងកោះយ៉ូណាហ្គូនី (Yonaguni) ដែលនៅភាគខាងត្បូងប្រទេសជប៉ុន។ យ៉ាងណាមិញ មិនទាន់ឃើញមានសេចក្តីរាយការណ៍ ពីមនុស្សរងគ្រោះ ឬការខូចខាត ដោយសារហេតុការណ៍នេះឡើយទេ។

គួរបញ្ជាក់ថា តៃវ៉ាន់ គឺជាដែនកោះស្ថិតនៅចំណុចប្រសព្វ រវាងផ្លាកតិចតូនិច២ផ្សេងគ្នា ហើយងាយរងគ្រោះពីគ្រោះរញ្ជួយផែនដី។ គ្រោះរញ្ជួយដីមួយកាលពីឆ្នាំ២០១៦ នៅភាគខាងត្បូងកោះតៃវ៉ាន់ បានផ្តាច់ជីវិតមនុស្សច្រើនជាង ១០០នាក់ ខណៈគ្រោះរញ្ជួយដី កម្រិត៧.៣រ៉ិចទ័រ កាលពីឆ្នាំ១៩៩៩ បានផ្តាច់ជីវិតមនុស្សរហូតដល់ជាង ២,០០០នាក់៕