(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការធ្វើអន្តរាគមន៍យោធានៅអ៊ុយក្រែន គឺជារឿងចាំបាច់ត្រូវតែធ្វើ ដោយសារតែបណ្ដាប្រទេស លោកខាងលិចបានបង្កការគំរាមកំហែងដល់តំបន់ព្រំដែន និងត្រៀមខ្លួនឈ្លានពានរុស្ស៉ី ហើយរុស្ស៉ីមានកាត្វកិច្ចបង្ការកុំឱ្យសង្គ្រាមលោកផ្ទុះឡើងជាថ្មី។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

ថ្លែងនាឱកាសនៃការប្រារព្ធខួបលើកទី៧៧ នៃទិវាជ័យជម្នះរបស់កងទ័ពអតីតសហភាពសូវៀត លើកងទ័ពណាហ្ស៉ីរបស់អាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ នៅឯទីលានក្រហម ក្នុងទីក្រុងមូស្គូ លោក ពូទីន បានលើកឡើងដូច្នេះថា «កាតព្វកិច្ចរបស់ពួកយើង គឺធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីធានាឱ្យបានថាសង្រ្គាមលោក ណាមួយ នឹងមិនកើតឡើងជាថ្មី»។ លោកបន្ថែមទៀតថា បណ្ដាលោកខាងលិច ជាពិសេសគឺអង្គការ NATO មិនបានស្ដាប់កង្វល់ ឬសំណើពាក់ព័ន្ធនឹងកិច្ចសន្ទនា របស់ភាគីរុស្ស៉ីនោះទេ។

គួរបញ្ជាក់ថា បើតាមលោក ពូទីន ការសម្រេចចិត្តលុកលុយអ៊ុយក្រែនគឺជាការសម្រេចចិត្តទាំងបង្ខំ និងពោរពេញដោយអធិបតេយ្យភាព៕