(មូស្គូ)៖ ឧបនាយករដ្ឋមន្រ្តីរុស្ស៉ី លោក យូរី បូរីសូវ (Yuri Borisov) បានឱ្យដឹងថា ទីក្រុងមូស្គូកំពុងអភិវឌ្ឍមីស៉ីលល្បឿនលឿនជាងសំឡេង (hypersonic) ជំនាន់ថ្មី ដែលមានសមត្ថភាពធ្វើការវាយប្រហារ ចេញពីដីគោក ផ្ទៃអាកាស ឬមួយក៏សមុទ្រ ពោលគឺចេញពីកន្លែងណាក៏បានដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Interfax នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

លោកឧបនាយករដ្ឋមន្រ្តីរុស្ស៉ី បានថ្លែងដូច្នេះថា «ការងារកំពុងតែប្រព្រឹត្តទៅ ដើម្បីបង្កើតអាវុធជំនាន់ថ្មី នៃមីស៉ីល hypersonic ដែលអាចបាញ់ចេញពីដីគោក ផ្ទៃអាកាស និងសមុទ្រ»។ បើតាមលោក Borisov រុស្ស៉ីមានផែនការបំពាក់មីស៉ីលទាំងនេះ នៅលើ យន្តហោះយោធាផ្សេងៗ រួមមានទាំងយន្តហោះទម្លាក់គ្រាប់បែកយន្តហោះ Tu-22។

គួរបញ្ជាក់ថា រុស្ស៉ី សហរដ្ឋអាមេរិក និងចិន សុទ្ធតែកំពុងអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង។ កន្លងមក ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានប្រកាសថា ប្រទេសរបស់លោក កំពុងតែនាំមុខគេក្នុងបច្ចេកវិទ្យាសព្វាវុធនេះ។ ម៉្យាងវិញទៀត បន្ទាប់ពីការតេស្តដោយជោគជ័យ រុស្ស៉ីក៏បានប្រើប្រាស់មីស៉ីលល្បឿនលឿនជាងសំឡេងរបស់ខ្លួន វាយប្រហារលើអ៊ុយក្រែនផងដែរ៕