(វ៉ាស៉ីនតោន)៖ អ្នកសម្របសម្រួលរបស់សេតវិមាន ទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៉ីហ្វិក លោក ខឺត ខេមប៊ែល (Kurt Campbell) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ នឹងប្រកាសពីផែនការដែលធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រយុទ្ធ ប្រឆាំងការនេសាទខុសច្បាប់ ក្នុងតំបន់ប៉ាស៊ីហ្វិក ដែលជាផ្នែកមួយនៃការបង្កើនការចូលរួមរបស់ខ្លួននៅក្នុងតំបន់ ដើម្បីប្រឆាំងនឹងឥទ្ធិពលចិនដែលកំពុង កើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

លោក Campbell បានគូសបញ្ជាក់ប្រាប់វេទិកាមួយនៅទីក្រុងវ៉ាស៊ីនតោន នៅពេលត្រូវបានសួរអំពីកិច្ចសហប្រតិបត្តិការ ដែលកំពុងរីកចម្រើនរវាងចិន និងកោះសូឡូម៉ុន (Solomon) ដែលជាដៃគូប្រពៃណីយូរអង្វែងរបស់សហរដ្ឋអាមេរិក ថា «បញ្ហាប្រឈមដ៏ធំបំផុតមួយនៅក្នុងតំបន់ប៉ាស៊ីហ្វិក តាមពិតទៅ គឺការនេសាទខុសច្បាប់»។

លោក Campbell បានបន្ថែមថា «យើងជឿថានៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងនឹងធ្វើទៅតាមរយៈស្ថាប័នផ្សេងៗ ដើម្បីប្រកាសពីផែនការ សំខាន់ដែលត្រូវបានបង្កើតឡើង ដើម្បីកែលម្អការយល់ដឹងអំពីដែនសមុទ្រ ដែលវាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហា។ សហរដ្ឋអាមេរិក កំពុងពិនិត្យមើលសមត្ថភាពដែលនឹងបន្តតាមដាន ទោះជានាវានេសាទខុសច្បាប់ទាំងនោះ បិទឧបករណ៍កំណត់អត្តសញ្ញាណអេឡិចត្រូនិកក៏ដោយ»

គួរបញ្ជាក់ថា ការថ្លែងរបស់លោក Campbell កើតឡើងនៅមុនដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មកកាន់កូរ៉េខាងត្បូង និងជប៉ុន ពីថ្ងៃទី២០ ដល់ថ្ងៃ២៤ ខែឧសភាខាងមុខនេះ ដែលនឹងរួមបញ្ចូលកិច្ចប្រជុំ នៅទីក្រុងតូក្យូនៃក្រុមប្រទេសក្វាដ (Quad) រួមមានអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក។

ប្រទេសមួយចំនួនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កំពុងមានជម្លោះដែនទឹក និងបញ្ហានេសាទ តែទីក្រុងប៉េកាំងធ្លាប់បានអះអាងជារឿយៗថា ខ្លួនមានទំនួលខុសត្រូវលើសកម្មភាពនេសាទ ហើយបាន និងកំពុងបង្កើនកិច្ចសហការប្រតិបត្តិការជាអន្តរជាតិ ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ ក៏ដូចជា នេសាទនៅក្នុងតំបន់ដែលពាក់ព័ន្ធ ស្របតាមកិច្ចព្រមព្រៀងទ្វេភាគី តែប៉ុណ្ណោះ៕