(តូក្យូ)៖ ក្រសួងការបរទេសជប៉ុន នៅថ្ងៃអង្គារនេះ បានចេញសេចក្ដីប្រកាសថា ខ្លួនបានសម្រេចបង្កកទ្រ ព្យសម្បត្តិរបស់ជនជាតិរុស្ស៉ីជាង ១៣០ នាក់ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មបន្ថែមរបស់ខ្លួន ទៅលើប្រទេសរុស្ស៉ី ជុំវិញសង្រ្គាមនៅប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

ការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ធ្វើឡើងស្របតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida)។ ជនជាតិរុស្ស៉ីជាង១៣០នាក់ ដែលត្រូវបង្កកទ្រព្យសម្បត្តិ រួមមានទាំងនាយករដ្ឋមន្ត្រីរុស្ស៉ី លោក មីខេល មីសហ៊ូស្ទីន (Mikhail Mishustin), អនុលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី លោក រ៉ាស៉ីឌ ណួរហ្កាលីយេវ (Rashid Nurgaliyev), មេដឹកនាំនៃតំបន់លូហាន់ (Luhansk) និងតំបន់ដូណេត (Donetsk) និង សាច់ញាតិរបស់មហាសេដ្ឋីរុស្ស៉ី លោក ហ្គេណាដី ធីមឆេនកូ (Gennady Timchenko)។

ជាមួយគ្នានេះ ជប៉ុនក៏បានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើការនាំចេញផងដែរ ដោយពង្រីកនូវបញ្ជីនៃក្រុមហ៊ុន ដែលខ្លួនជឿថាជាប់ពាក់ព័ន្ធ ជាមួយឧស្សាហកម្មការពារជាតិរបស់ប្រទេសរុស្ស៉ី។ មកទល់ពេលនេះ ជប៉ុនបានដាក់ទណ្ឌកម្មលើជនជាតិរុស្ស៉ី, ជនជាតិបេឡារុស ព្រមទាំងជនជាតិនៅតំបន់ Donetsk និង Luhansk សរុបជាង ៧០០នាក់ហើយ រួមជាមួយក្រុមហ៊ុន និងអង្គការរុស្ស៉ីជាង ២០០ ទៀត៕

គួរបញ្ជាក់ថា កន្លងមកជប៉ុនបានប្រកាសកញ្ចប់ទណ្ឌកម្មមួយចំនួន ប្រឆាំងរុស្ស៉ីឆ្លើយតបចំពោះស្ថានការណ៍នៅអ៊ុយក្រែន។ នៅក្នុងនោះ ទណ្ឌកម្មលើបុគ្គល បានដាក់គោលដៅលើថ្នាក់ដឹកនាំ មន្រ្តី និងមហាសេដ្ឋីរបស់ប្រទេសរុស្ស៉ី។ រីឯបញ្ជីនៃទំនិញនិងបច្ចេកវិទ្យា ដែលត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅរុស្ស៉ីមាន ៣០០មុខ រួមមានគ្រឿងអេឡិចត្រូនិច, ឧបករណ៍សន្តិសុខដែនសមុទ្រ និងអាកាសចរណ៍, ឧបករណ៍ទូរគមនាគមន៍, ផលិតផលយោធា រួមទាំងអាវុធ កម្មវិធី software និងឧបករណ៍ចម្រាញ់ប្រេង។ លើសពីនេះ ជប៉ុន ក៏បានបង្កកទ្រព្យសម្បត្តិរបស់ធនាគាររុស្ស៉ីជាច្រើន ថែមទៀតផង។