(សេអ៊ូល)៖ ប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បាននិយាយនៅថ្ងៃអង្គារនេះថា លោកនឹងប្រកាន់ខ្ជាប់នូវទំនាក់ទំនងការទូត ជាមួយប្រទេសកូរ៉េខាងជើង បើទោះបីកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង កំពុងគំរាមកំហែង ដល់ឧបទ្វីបកូរ៉េទាំងមូលក៏ដោយ។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

ក្នុងសុន្ទកថានៃពិធីស្បថចូលកាន់តំណែង នាថ្ងៃអង្គារនេះ លោក យូន បានថ្លែងថា «កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ដែលបាននឹងកំពុងអភិវឌ្ឍ បង្កការគំរាមកំហែង មិនត្រឹមតែចំពោះឧបទ្វីបកូរ៉េនោះទេ ប៉ុន្តែចំពោះសន្តិភាពនៅអាស៊ី និងពិភពលោកតែម្តង, យ៉ាងណាក៏ដោយ ទ្វារឆ្ពោះរកគោលនយោបាយការទូត នៅតែបើកចំហ ដូច្នេះយើងអាចដោះស្រាយបញ្ហាដោយសន្តិវិធី»

លោកបន្ថែមថា «ប្រសិនបើ ប្រទេសកូរ៉េខាងជើងយល់ព្រមបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយចាប់ផ្តើយរំសាយនុយក្លេអ៊ែរនោះ យើងនឹងត្រៀមខ្លួនធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីបង្កើតផែនការដ៏ចម្បងមួយ ដែលអាចធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ច និងកម្រិតជីវភាព របស់ប្រទេសកូរ៉េខាងជើង ខណៈដែលការរំសាយអាវុធនុយក្លេអ៊ែរនេះ នឹងរួមចំណែកនាំមកនូវសន្តិភាព និងវិបុលភាព សម្រាប់ឧបទ្វីបកូរ៉េ រួមទាំងតំបន់ផ្សេងទៀត។

គួរបញ្ជាក់ថា លោក យូន គឺជាអតីតប្រធានរដ្ឋអាជ្ញាម្នាក់ និងជាអ្នកនយោបាយអភិរក្សនិយម មកពីគណបក្សអំណាចប្រជាជន People Power Party។ ពិធីស្បថចូលកាន់តំណែងជាផ្លូវការនេះ គឺការបើកទំព័រសករាជថ្មីសម្រាប់កូរ៉េខាងត្បូង ដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រាប់ចាប់ពីការគំរាមកំហែងពីកូរ៉េខាងជើង រហូតដល់បញ្ហាសេដ្ឋកិច្ច និងអតិផរណា៕