(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៉ី លោក អ៉ីហ្គ័រ កូណាស់សេនកូវ (Igor Konashenkov) នៅថ្ងៃអង្គារនេះបានអះអាងថា កងកម្លាំងរុស្ស៉ី បានបំផ្លាញបរិក្ខាយោធារបស់អ៊ុយក្រែនចំនួន ៨,៩៣៩គ្រឿង ចាប់តាំងពីការបើកប្រតិបត្តិការយោធាពិសេសរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា សរុបមកក្នុងកំលុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៉ី បរិក្ខាយោធាអ៊ុយក្រែន ដែលត្រូវបានបំផ្លាញមានដូចជា យន្តហោះចម្បាំងចំនួន ១៦៣គ្រឿង, ឧទ្ធម្ភាគចក្រចំនួន ១២៤គ្រឿង, យន្តហោះគ្មានមនុស្សបើកចំនួន ៧៩៣គ្រឿង, ប្រព័ន្ធមីស៉ីលបាញ់ពីដីទៅអាកាសចំនួន ៣០០គ្រឿង, រថក្រោះ និងរពាសដែកចំនួន ២,៩៧៩គ្រឿង, ប្រព័ន្ធគ្រាប់រ៉ុក្កែតចំនួន ៣៥១គ្រឿង, កាំភ្លើងធំ និងកាំភ្លើងត្បាល់ចំនួន ១,៤៤០គ្រឿង និងរថយន្តយោធាពិសេសចំនួន ២,៧៨៩គ្រឿង ព្រមទាំងស្ថាននីយ និងមូលដ្ឋានជាច្រើនទៀតផងដែរ»។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះថា ឆ្លើយតបទៅនឹងសំណើរបស់តំបន់ដុនបាស់ (Donbass) ដែលរូបលោកបានទទួលស្គាល់ផ្លូវការជារដ្ឋឯករាជ្យ លោកបានសម្រេចចិត្តឱ្យបើកប្រតិបត្តិការយោធាពិសេសមួយ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីការពារប្រជាជន ដែលទទួលរងនូវការរំលោភបំពាន និងអំពើប្រល័យពូជសាសន៍ ពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវ អស់រយៈពេល៨ឆ្នាំមកនេះ។ យ៉ាងណាក្តី អន្តរជាតិបានចាត់ទុក សកម្មភាពនេះថា ជាទង្វើឈ្លានពានលើអ៊ុយក្រែន៕