(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,៨៥៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ៥៧៧ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្តPhú Thọ មានចំនួន ២៣០ករណី និងខេត្ត Vĩnh Phúc ១៥៦ករណី។

ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីចំនួនម្នាក់ទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៨១,២១៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣២៤,៩៣៤នាក់ និងស្លាប់សរុបចំនួន ៤៣,០៥៨នាក់៕