(ហ្សឺណេវ)៖ សមាជិកនៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អ៊ឺរ៉ុប បានអនុម័តដំណោះស្រាយមួយកាលពីថ្ងៃអង្គារ ទី១០ ឧសភានេះ ដែលអាចបណ្តាលឱ្យមានការបិទការិយាល័យប្រចាំតំបន់នៅរុស្ស៊ី និងការផ្អាកកិច្ចប្រជុំនៅក្នុងប្រទេសនេះ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។

សម័យប្រជុំពិសេសនៃតំបន់អ៊ឺរ៉ុបបានអនុម័តដំណោះស្រាយមួយ ដែលគាំទ្រដោយអ៊ុយក្រែន និងសហភាពអឺរ៉ុប ដោយមានសំឡេងគាំទ្រចំនួន៤៣ ,ប្រឆាំងចំនួន ០៣ (រុស្ស៊ី បេឡារុស្ស តាហ្ស៊ីគីស្ថាន) និងអនុប្បវាទចំនួន០២សំឡេង។

អ្នកគាំទ្រលើដំណោះស្រាយនេះមើលឃើញថា វាជាជំហាននយោបាយដ៏សំខាន់មួយដើម្បីដាក់ទីក្រុងមូស្គូឱ្យនៅឯកោ ហើយនិយាយថា ពួកគេកំពុងព្យាយាមជៀសវាងផលប៉ះពាល់ធំណាមួយលើប្រព័ន្ធសុខាភិបាលរបស់រុស្ស៊ី។

ដំណោះស្រាយនេះសំដៅលើ «ភាពអាសន្នផ្នែកសុខភាព» នៅក្នុងប្រទេសអ៊ុយក្រែន ដោយសំដៅទៅលើចំនួនអ្នកស្លាប់ និងរបួស និងហានិភ័យនៃជំងឺរ៉ាំរ៉ៃ និងជំងឺឆ្លងដែលបណ្តាលមកពីប្រតិបត្តិការយោធារបស់រុស្ស៊ី។

បេសកជនរុស្ស៊ីលោក Andrei Prutnitsky បានជំទាស់នឹងដំណោះស្រាយនេះ ដោយនិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំង។

លោកបានប្រាប់កិច្ចប្រជុំជាមួយសមាជិក WHO និងមន្ត្រីជាន់ខ្ពស់ថា «យើងមើលឃើញថានេះជាពេលវេលានៃគ្រោះថ្នាក់យ៉ាងខ្លាំង ដល់ប្រព័ន្ធថែទាំសុខភាពពិភពលោក»