(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវទទួលស្វាគមន៍បណ្ដាមេដឹកនាំអាស៊ានទាំង១០ប្រទេស នៅឯកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភានេះ។ ខណៈពិភពលោកទាំងមូលកំពុងតាមដានសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន រដ្ឋបាលលោក ចូ បៃដិន បាននិយាយថាកិច្ចប្រជុំកំពូលនេះនឹងបង្ហាញពី «ការប្ដេជ្ញាចិត្តជាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក» ចំពោះអាស៊ាន ហើយតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាអាទិភាពមួយនៃសន្តិសុខជាតិអាមេរិក។

បើតាមក្រុមអ្នកជំនាញ, ការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងក្លាយជាប្រធានបទក្ដៅនៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ប៉ុន្តែ ក្នុងជំនួបមានរយៈពេល ២ថ្ងៃ ក៏នឹងផ្ដល់ឱ្យទីក្រុងវ៉ាស៊ីនតោនផងដែរ នូវឱកាសពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅជាមួយអាស៊ាន ដែលមាន ប្រទេសទាំង១០ ជាសមាជិកបូកបញ្ចូលស្មើនឹងមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី៧ នៅលើពិភពលោក។ ប្រធានបទសំខាន់ៗផ្សេងទៀតអាចនឹងត្រូវបានលើក យកមកពិភាក្សានៅលើតុ អាចមានចាប់ពីវិបត្តិ COVID-19 រហូតដល់ការប្រែប្រួលអាកាសធាតុ និងវិបត្តិនៅមីយ៉ាន់ម៉ាជាដើម។

* តើអាស៊ានអង្គុយនៅកន្លែងណា ក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក?
យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សេតវិមាន ដែលបានចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២២នេះ បានកត់សម្គាល់ថាសហរដ្ឋអាមេរិកនឹងស្វែងរកការលើកកម្ពស់ សេរីភាព និងការបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកឱ្យកានតែមានការផ្សារភ្ជាប់, ភាពរុងរឿង, សន្តិសុខ និងភាពធន់រឹងមាំ។ នៅក្រោមយុទ្ធសាស្ត្រនេះ, រដ្ឋបាលលោក បៃដិន ចាត់ទុកថា «ការផ្ដល់អំណាចដល់អាស៊ាន» គឺជាគ្រឿងផ្សំដ៏សំខាន់នៃភាពជោគជ័យរួមជាមួយសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិក តួយ៉ាងដូចជា ក្វាដ (Quad, សហរដ្ឋអាមេរិក, អូស្ត្រាលី, ឥណ្ឌា និងជប៉ុន) ព្រមទាំងបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក។ នៅក្នុងបរិបទដែលការប្រជែងឥទ្ធិពលជាមួយចិនគឺជាបេះដូង នៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក, ការគាំទ្រដល់ភាពស្អិតល្មួត និងភាពធន់រឹងមាំសម្រាប់អាស៊ាន ក៏ជាមធ្យោបាយមួយដ៏សំខាន់ក្នុងការលើកកម្ពស់សេរីភាព និងការបើក ចំហតំបន់-ឥណ្ឌូប៉ាស៊ីហ្វិកដែរ។

ប៉ុន្តែ ការផ្ដល់អំណាចឱ្យអាស៊ាន មិនមែនងាយស្រួលសម្រេចបាននោះឡើយ ដោយសារតែ «គោលការណ៍កុងសង់ស៊ីស» ហើយស្របពេលមីយ៉ាន់ម៉ា កំពុងជួប វិបត្តិផងនោះ ការផ្ដល់អំណាចឱ្យអាស៊ានកាន់តែមិនងាយស្រួលសម្រេចបាន ជាងពេលណាៗទាំងអស់ទៅទៀត។ យ៉ាងណាក៏ដោយ, ទោះជាមានភាពផ្សេងគ្នា ក្នុងនោះរួមមានទាំងពាក់ព័ន្ធនឹងវិបត្តិមីយ៉ាន់ម៉ា ក៏សមាជិកអាស៊ានទាំងអស់នៅតែមានការយល់ឃើញដូចគ្នាមួយ នោះគឺ «តួនាទីស្នូលរបស់អាស៊ាន» នៅក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសូម្បីតែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួមទាំងចិន ក៏ទទួលស្គាល់ដែរថាអាស៊ានសំខាន់ប៉ុនណា សម្រាប់យុទ្ធសាស្ត្ររបស់ពួកគេ។

ដូច្នេះហើយ ទើបសហរដ្ឋអាមេរិកនៅក្រោមរដ្ឋបាលលោក ចូ បៃដិន បានផ្ដោតយ៉ាងខ្លាំងលើការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន និងធ្វើអ្វីៗតាមដែលធ្វើទៅបាន ដើម្បីគាំទ្រដល់ «តួនាទីស្នូល» របស់អាស៊ាននៅក្នុងតំបន់។ ប៉ុន្តែ ខណៈផ្តោតសំខាន់តែទៅលើ «ក្វាដ» ខ្លាំងពេក សហរដ្ឋអាមេរិកក៏បានបង្ហាញយ៉ាងច្បាស់ដែរថា កិច្ចសហប្រតិបត្តិការទ្វេភាគី, ត្រីភាគី និងចតុភាគីជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូសំខាន់ៗ គឺជាមូលដ្ឋាននៃភាពខ្លាំង និងការចូលរួមរបស់អាមេរិក នៅក្នុងតំបន់។ ការមើលឃើញប្រទេសនេះសំខាន់ ប្រទេសនោះមិនសូវសំខាន់បែបនេះហើយ ទើបធ្វើឱ្យប្រទេសជាសមាជិកអាស៊ានខ្លះនៅតែមានការសង្ស័យលើ សហរដ្ឋអាមេរិក និងតែងតែចោទសួរថាតើពួកគេ ឬអាស៊ានអង្គុយនៅកន្លែងណាឱ្យប្រាកដនៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក?

យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកក៏បានទទួលស្គាល់បញ្ហានេះដែរ ជាមួយការគូសបញ្ជាក់ថាសហរដ្ឋអាមេរិក នឹងស្វែងរកឱកាសដើម្បីឱ្យក្វាដអាចធ្វើការជាមួយអាស៊ាន។ នៅក្នុងឆ្នាំដំបូងនៃការដឹកនាំរបស់រដ្ឋបាលលោក បៃដិន, ការចូលរួមរបស់វ៉ាស៊ីនតោន ជាមួយបណ្ដាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ានមានភាពលំបាកជាខ្លាំង ដោយសារតែការរឹតត្បិតការធ្វើដំណើរ ឬការបិទប្រទេសទប់ស្កាត់ COVID-19 គួបផ្សំនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ម្លោះហើយ កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានក្នុងសប្ដាហ៍នេះនឹងក្លាយជាឱកាសមួយសម្រាប់សហរដ្ឋអាមេរិកប៉ះប៉ូវឡើងវិញ នូវពេលវេលាដែលបានបាត់បង់ ហើយបង្ហាញពីចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន និងរដ្ឋជាសមាជិកនីមួយៗ។

* តើអាស៊ានចង់បានអ្វីពីអាមេរិក ហើយអាមេរិកអាចធ្វើការជាមួយអាស៊ានបានយ៉ាងដូចមេ្ដច?
បណ្ដាប្រទេសជាសមាជិកអាស៊ានសុទ្ធតែទទួលស្គាល់ការពិតមួយ នោះគឺទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានជះឥទ្ធិពលទាំងល្អ ទាំងអាក្រក់មកលើប្រទេស របស់ពួកគេ។ មែនទែនទៅ, ទោះជាមានជំហរផ្សេងៗគ្នាក៏ពិតមែន តែបណ្ដាប្រទេសអាស៊ានទាំងអស់នៅតែចង់ឱ្យមានការចូលរួម និងមានវត្តមានរបស់អាមេរិក ក្នុង តំបន់អាស៊ីអាគ្នេយ៍ ដើម្បីរក្សាតុល្យភាពជាមួយចិន ឬអាចនិយាយឱ្យខ្លីបានថា «កុំឱ្យចិន ឬអាមេរិកមានឥទ្ធិពលលើសលប់ពេកក្នុងតំបន់»។ ពួកគេក៏បានជំរុញ និង ស្វាគមន៍ផងដែរវត្តមានជប៉ុន, ឥណ្ឌា, អូស្ត្រាលី និងមហាអំណាចក្រៅតំបន់ដទៃទៀត ឱ្យបង្កើនការចូលរួមតាមដែលអាចធ្វើទៅបាន ក្នុងគោលបំណងរក្សាតុល្យភាព អំណាចនៅក្នុងតំបន់ កុំឱ្យផ្អៀងទៅតែម្ខាង។ ពោលគឺពួកគេព្យាយាមមិនចង់ជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិន។

ជាក់ស្ដែង, ក្នុងពេលដែលឥទ្ធិពលចិន កើនឡើងកាន់តែខ្លាំងនៅក្នុងតំបន់, បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ បានជំរុញឱ្យសហរដ្ឋអាមេរិកបង្កើនការចូលរួមក្នុងវេទិកា ជាច្រើនឈរលើមូលដ្ឋាន «ពុហភាគីនិយមរបស់អាស៊ាន» ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាអាស៊ានថ្នាក់តំបន់ជាដើម ហើយវេទិកាទាំងនេះត្រូវបានអាស៊ាន ប្រើដើម្បីស្វែងរក «តំណែងស្នូលមួយ» នៅក្នុង «និម្មាបនកម្ម តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» (Indo-Pacific’s regional architecture) ស្របពេលពួកគេចង់ក្លាយជា ដៃគូសេដ្ឋកិច្ចដ៏រឹងមាំរបស់សហរដ្ឋអាមេរិក រីឯប្រទេសអាស៊ានខ្លះកំពុងទន្ទឹមរង់ចាំព័ត៌មានលម្អិតស្ដីពីក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Economic Framework) នៃរដ្ឋបាលលោក ចូ បៃដិន។

* តើនឹងមានប្រធានបទសង្រ្គាមអ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលដែរទេ?
ការណ៍ដែលលោក ចូ បៃដិន ធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន គឺដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបន្តការរក្សាការផ្ដោតលើតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក បើទោះជាកំពុងជាប់រវល់នឹងរឿងសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។ ប៉ុន្តែ លោក បៃដិន និងមេដឹកនំាអាស៊ានប្រហែលជាមិនអាចចៀសផុតពី ប្រធានបទសង្រ្គាមនេះទេ ដោយមានហេតុផល ២ម្យ៉ាង។ ម្យ៉ាង, ក្រុមមន្ត្រីអាមេរិកអាចនឹងយកសង្រ្គាមអ៊ុយក្រែន ប្រាប់មេដឹកនាំអាស៊ានថា «ពួកអ្នកឃើញទេថា ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានបង្កភាពផុយស្រួលដល់ប្រព័ន្ធអន្តរជាតិ»។ ហើយម្យ៉ាងទៀត ក្រុមមន្ត្រីអាមេរិកនឹងលើកឡើងពីការគាំទ្រដោយប្រយោល របស់ចិនចំពោះការឈ្លានពានរបស់រុស្ស៉ី ដើម្បីបង្ហាញមេដឹកនាំអាស៊ានថាតើសហរដ្ឋអាមេរិក ឬចិន មួយណាដែលកំពុងប្រឆាំងនឹងទង្វើឈ្លានពាន។

យ៉ាងណាក៏ដោយ, បណ្ដាមេដឹកនាំអាស៊ានភាគច្រើន នឹងមិនយកខ្លួនទៅពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែនទេ ដើម្បីចៀសវាងកុំឱ្យផុងខ្លួនកៀបនៅចំកណ្ដាលនៃជម្លោះ រវាងពួកមហាអំណាច។ មកទល់នឹងបច្ចប្បន្ន មានតែសិង្ហបុរីតែមួយគត់ដែលបានថ្កោលទោសចំៗ និងចូលរួមជាមួយបណ្ដាប្រទេសលោកខាងលិចដាក់ទណ្ឌកម្ម ប្រឆាំងរុស្ស៉ី។ ដូច្នេះខណៈអ៊ុយក្រែនមិនមែនជាប្រធានបទសំខាន់សម្រាប់កិច្ចប្រជុំកំពូល, សហរដ្ឋអាមេរិកអាចនឹងលើកពីបញ្ហា ឬការជំទាស់នឹងវត្តមានរបស់រុស្ស៉ី នៅក្នុងកិច្ចប្រជុំមួយចំនួនដូចជា កិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌូណេស៊ី, កិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងប្រទេសកម្ពុជា និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ក្នុងប្រទេសថៃ ហើយដែលកិច្ចប្រជុំទាំងនេះនឹងត្រូវរៀបចំឡើងក្នុងឆ្នាំ២០២២នេះ។

* តើលោក ចូ បៃដិន នឹងដាក់សម្ពាធឱ្យអាស៊ានប្រឹងប្រែងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ឬទេ?
របៀបវារៈភាគច្រើននៃកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន គឺផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការអាមេរិក-អាស៊ាន ឱ្យកាន់តែជិតស្និទ្ធរួមមានខាងវិស័យ ថាមពល, សន្តិសុខសុខាភិបាល និងសេដ្ឋកិច្ចឌីជីថល។ តែ វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវនឹងត្រូវបានលើកយកពិភាក្សាផងដែរ។ លោក បៃដិនអាចនឹងបាន ឃើញថាតើមេដឹកនាំអាស៊ានណាខ្លះខកបំណងដូចរូបលោក ជុំវិញស្ថានភាពនៅមីយ៉ាន់ម៉ា ហើយលោកក៏នឹងបានឃើញដូចគ្នាពីការខ្វែងគំនិតគ្នានៅក្នុងចំណោម មេដឹកនាំអាស៊ានពាក់ព័ន្ធនឹងការដាក់សម្ពាធ និងការធ្វើឱ្យរបបយោធាមីយ៉ាន់ម៉ាឯកោ។ ការខ្វែងគំនិតគ្នានេះ មានមួយផ្នែកធំដោយសារតែអាស៊ានមានគោលការណ៍ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរដ្ឋជាសមាជិកដទៃ។

តែទោះជាបែបនេះក្ដី, លោក ចូ បៃដិន នឹងស្វែងរកបុព្វហេតុរួមជាមួយដឹកនាំសិង្ហបុរី, ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលសុទ្ធតែបានបង្ហាញការខកបំណងចំពោះ របបយោធាមីយ៉ាន់ម៉ាសព្វថ្ងៃ។ ដោយឡែក, នៅពេលនិយាយជាមួយ កម្ពុជា, វៀតណាម ឡាវ និងថៃ, លោក បៃដិនប្រហែលជានឹងមានការស្ទាក់ស្ទើរច្រើន។ ពោល នៅចំពោះមុខការដោះស្រាយវិបត្តិមីយ៉ាន់ម៉ាតាមផ្លូវការទូតមិនមានច្រកចេញ និងកាន់តែស្រពិចស្រពិល ប្រធានាធិបតីអាមេរិករូបនេះនឹងបង្កើនបន្តិចម្ដងៗនូវ ការពង្រឹងការទំនាក់ទំនងជាមួយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា និងបង្កើតក្របខណ្ឌមួយដើម្បីអាចផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា៕

ប្រភព៖ United States Institute of Peace (ថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២)