(មីនស្ត៍)៖ កងកម្លាំងប្រដាប់អាវុធបេឡារុស បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួននឹងដាក់ពង្រាយកងទ័ពប្រតិបត្តិការពិសេសក្នុងតំបន់ចំនួន ៣ ដែលស្ថិតនៅជិតព្រំដែនភាគខាងត្បូងរបស់ខ្លួន ជាមួយប្រទេសអ៊ុយក្រែន ខណៈប្រធានាធិបតីបេឡារុស លោក អាឡិចហ្សង់ឌឺ លូកាសិនកូ (Alexander Lukashenko) បានលើកឡើងពីតួនាទីនៃមីស៉ីលផលិតឡើងដោយរុស្ស៉ី សម្រាប់វិស័យការពារជាតិ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

សម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៉ី, បេឡារុស ធ្លាប់បានឱ្យដឹងកាលពីខែមីនាកន្លងទៅនេះថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន មិនបានចូលរួមក្នុងអ្វីដែល ទីក្រុងមូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស» ក្នុងប្រទេសអ៊ុយក្រែននោះទេ។ លោកខាងលិច បានអះអាងថាបេឡារុសបានបើកដៃឱ្យរុស្ស៉ីបញ្ជូន កងទ័ពរាប់ពាន់នាក់ ឆ្លងកាត់ព្រំដែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ។

អគ្គនាយសេនាធិការយោធាបេឡារុស លោក វីកទ័រ ហ្គូឡាវិច (Viktor Gulevich) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដូចជា ប៉ូឡូញ លីទុយអានី និងឡេតូនី នៅតែបន្តបង្កើនវត្តមានយោធារបស់ពួកគេនៅតាមព្រំដែននៃប្រទេសបេឡារុស ដោយបានកើនឡើងច្រើនជាង ២ដង ក្នុងរយៈពេល ៦ខែកន្លងមកនេះ»

លោក Gulevich បានបន្ថែមថាដូច្នេះហើយ បេឡារុសក៏កំពុងដាក់ពង្រាយកងទ័ពប្រតិបត្តិការពិសេស រួមទាំងប្រព័ន្ធការពារដែនអាកាស កាំភ្លើងធំ និងមីស៉ីល ដើម្បីត្រៀមសម្រាប់សមយុទ្ធយោធានៅភាគខាងលិច ជាការឆ្លើយតបផងដែរ៕