(ប៉េកាំង)៖ មហាសន្និបាតអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន បានប្រារព្ធឡើងយ៉ាងមហោឡារិក នៅព្រឹកថ្ងៃទី១០ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមមហាសន្និបាត ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

កាលពីខែកក្កដា ឆ្នាំ១៩២១ តំណាងចំនួន ១៣រូប ដែលមានអាយុគិតជាមធ្យមត្រឹមតែ ២៨ឆ្នាំ បានចូលរួមសមាជកបក្សកុម្មុយនិស្តចិនលើកទីមួយ ដែលបានប្រកាសពីការចាប់បដិសន្ធិ នៃបក្សកុម្មុយនិស្តចិន ដែលជាព្រឹត្តិការណ៍ដ៏ធំក្នុងប្រវត្តិសាស្ត្រចិន និងបានចាប់ផ្តើមសករាជថ្មីនៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ។

ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន បានបង្កើតឡើងកាលពីឆ្នាំ១៩២២ ចលនាយុវជនចិនបានបើកទំព័រថ្មីនៃប្រវត្តិសាស្រ្ត។ បើតាមសៀវភៅស «យុវជនចិនក្នុងយុគសម័យថ្មី» ដែលប្រកាសនាពេលថ្មីៗនេះ គិតមកទល់ដំណាច់ឆ្នាំ២០២១ ចំនួនសរុបនៃសមាជិកសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន បានកើនឡើងដល់ ៧៣លាន ៧១ម៉ឺន ៥ពាន់នាក់៕