(វែលីងតោន)៖ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោកស្រី ណាណាអៀ ម៉ាហ៊ូតា (Nanaia Mahuta) នៅថ្ងៃពុធនេះបានប្រកាសដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងនឹងជនជាតរុស្ស៉ី និងក្រុមហ៊ុនរុស្ស៉ីមួយចំនួនទៀត ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

បើតាមគេហទំព័រក្រសួងការបរទេសនូវែលសេឡង់ ទណ្ឌកម្មខាងលើនេះ នឹងដាក់គោលដៅលើជនជាតិរុស្ស៉ីចំនួន៥នាក់ រួមមាន អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៉ី លោក អ៉ីហ្គ័រ កូណាស់សេនកូវ (Igor Konashenkov), ប្រធានស៉ើបការណ៍សម្ងាត់យោធារុស្ស៉ី លោក អ៉ីហ្គ័រ កូស្ទីយូកូវ (Igor Kostyukov), នាយកប្រតិបត្តិទីភ្នាក់ងារសារព័ត៌មាន ក្រាស្នាយ៉ា ស្វេសដា (Krasnaya Zvezda) លោក អាឡិចស៉ី ពីម៉ានូវ (Alexey Pimanov), សហស្ថាបនិកទីភ្នាក់ងារសារព័ត៌មាន News Front លោក មីឃែល ស៉ីណេលីន (Mikhail Sinelin) និងនាយកប្រតិបត្តិទូរទស្សន៍រដ្ឋរុស្ស៉ី VGTRK លោក អូឡេក ដូប្រូដេយ៉េវ (Oleg Dobrodeyev) ព្រមទាំងក្រុមហ៊ុនរុស្ស៉ីចំនួន ៣ ដែលពាក់ព័ន្ធនឹងអ្វីដែលលោកស្រី Mahuta ហៅថា «យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់លោកពូទីន» ផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នូវែលសេឡង់ បានដាក់ទណ្ឌកម្មលើជនជាតិរុស្ស៉ីសរុបជាង ៦៥០នាក់ហើយ រួមទាំងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin), សមាជិកសភាជាន់ទាបរុស្ស៉ី (Duma) និងក្រុមហ៊ុនធំៗរុស្ស៉ីសរុបចំនួន៥៥ ផងដែរ៕